Social Network

ប្រជាជនអឺរ៉ុប រីករាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យជាថ្មី ខណៈវិធានការរឹតត្បឹតប្រឆាំង COVID-19 ត្រូវបន្ធូរបន្ថយ

(អឺរ៉ុប)៖ រូបភាពជាច្រើនសន្លឹក បានបង្ហាញពីប្រជាជនអឺរ៉ុប ចាប់ផ្ដើមវិលត្រឡប់ទៅរកជីវិតធម្មតាវិញហើយ តាមរយៈការសម្រាកលំហែរកាយថ្ងៃចុងសប្ដាហ៍ ក្រោមពន្លឺព្រះអាទិត្យ នៅតាមសួនសាធារណៈ និងឆ្នេរសមុទ្រ ខណៈវិធានាការរឹតត្បិតប្រឆាំង COVID-19 ត្រូវបានបន្ធូរបន្ថយដោយសន្សឹមៗ។

*នៅក្នុងប្រទេសបារាំង, មនុស្សម្នា បានអង្គុយនៅខាងមុខ ប៉ម ទួរ អេហ្វ ហ្វែល (Eiffel Tower) និងប្រមូលផ្ដុំគ្នាអង្គុយលេងលើស្មៅនៅឯសួន Vincennes woods កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ ម្សិលមិញ បន្ទាប់ពីរដ្ឋាភិបាលលោក ម៉ាក្រុង ប្រកាសបន្ធូរបន្ថយវិធានការបិទប្រទេស កាលពីថ្ងៃទី១១ ខែឧសភា។

*នៅក្នុងប្រទេសអាល្លឺម៉ង់, មនុស្សមួយក្រុមបានធ្វើលំហាត់ប្រាណ Y oga នៅឯសួន Tempelhofer Feld ក្នុងទីក្រុងប៊ែរឡាំង នៅថ្ងៃចុងសប្ដាហ៍ដំបូង ដែលមនុស្ស ម្នា ក្នុងមួយក្រុមមានគ្នា ៨នាក់ ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្ដុំ ដើម្បីហាត់ប្រាណ ឬលេងកីឡា។នៅក្នុងប្រទេសក្រិក, មនុស្សរាប់រយនាក់ បានប្រមូលផ្ដុំគ្នា និងលេងកម្សាន្ត នៅតំបន់ឆ្នេរសមុទ្រមួយចំនួន ដែលបានបើកទ្វារឡើងវិញទទួលសាធារណៈជន។តែព្រមពេលជាមួយគ្នា ពួកគេត្រូវបានតម្រូវឱ្យអនុវត្តវិធានការគម្លាតសុវត្ថិភាព ដោយការបាំងឆ័ត្រគម្លាតពីគ្នាយ៉ាងហោច ៤ម៉ែត្រ ហើយអ្នកមកលេងកម្សាន្ត ជាអតិបរមា ៤០នាក់ អាចលេងក្នុងបរិវេណ ១,០០០ម៉ែត្រក្រឡា ប៉ុណ្ណោះ។

*ចំណែកឯ នៅចក្រភពអង់គ្លេសវិញ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយរថយន្ដជាច្រើនគ្រឿង ត្រូវបានគេឃើញ ចតនៅក្បែរទីវាលធម្មជាតិមួយកន្លែង ខណៈ មនុស្សម្នាត្រូវបានអនុញ្ញាតឱ្យចំណាយពេលនៅខាងក្រៅផ្ទះ និងអាចបើកបររថយន្ដក្នុងចំងាយផ្លូវឆ្ងាយបាន។ ប៉ុន្តែ អាជ្ញាធរនៅតែព្រមានចំពោះការប្រមូលផ្ដុំគ្នា នៅតាមសួនសាធារណៈ និងឆ្នេរសមុទ្រ៕

ដកស្រង់ពី៖ Fresh News