Social Network

សិស្សសាលាឡាវ វិលត្រឡប់ទៅសាលារៀនវិញ ខណះការរឹតបណ្តឹង COVID-19 មានការបន្ធូរបន្ថយ

រដ្ឋាភិបាលឡាវ បានប្រកាសថា សិស្ស-និស្សិតទាំងអស់ទូទាំងប្រទេស អាចត្រឡប់ទៅសាលារៀនវិញ នៅថ្ងៃទី ២ ខែមិថុនា ខណៈថ្នាក់ឆ្នាំសិក្សាចុងក្រោយនៅបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ បានចាប់ផ្តើមហើយកាលពីថ្ងៃច័ន្ទ។

រដ្ឋបាលសាលាទាំងអស់ ត្រូវអនុវត្តន៍វិធានការណ៍ប្រុងប្រយ័ត្នជាមុន ដើម្បីទប់ស្កាត់ការផ្ទុះឡើងថែមទៀតនៃជំងឺ COVID-១៩ ដូចដែលបានណែនាំដោយក្រសួងអប់រំ និងកីឡា និងគណៈកម្មាធិការជាតិសម្រាប់ការការពារ និងត្រួតពិនិត្យ COVID-19 កាលពីថ្ងៃទី ១៧ ឧសភា។

វិធានការណ៍សំរាប់បើកសាលារៀនឡើងវិញ រួមមានសំអាតទីធ្លា បន្ទប់រៀន និងបាញ់ថ្នាំសំលាប់មេរោគនៅជុំវិញបរិវេណសាលា ពាក់ម៉ាសជាប់ជាប្រចាំ មាន សាប៊ូ និងទឹកលាងដៃនៅតាមបន្ទប់ទឹក រក្សាគម្លាតក្នុងការអង្គុយរៀន ឆែកសីតុណ្ហភាពមុនពេលចូលសាលា ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លង។ អ្នកដែលមានរោគសញ្ញា ដូចជំងឺផ្តាសាយ នឹងត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្កេត ឬបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះ។

ក្រសួងសុខាភិបាលប្រទេសឡាវ បានប្រកាសករណីឆ្លង COVID-19 ចំនួនពីរ ដំបូង នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃទី ២៤ ខែមីនាហើយរហូតមកដល់ពេលនេះ ប្រទេសមួយនេះ បានរកឃើញករណីឆ្លងជំងឺ COVID-19 ចំនួន ១៩ នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។