Social Network

កូរ៉េខាងត្បូងរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ១២នាក់ទៀត នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

 (សេអ៊ូល)៖ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះអាជ្ញាធរសុខាភិបាល កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១២នាក់បន្ថែមទៀត ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ីបូព៌ាមួយនេះកើនដល់ ១១,១២២ករណី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០។ ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះមាន ១០នាក់ជាករណីឆ្លងនៅក្នុងស្រុក និង ០២នាក់ទៀតជាករណីនាំចូលពីបរទេស។

ក្នុងរយៈពេលដូចគ្នានេះ ប្រទេសកូរ៉េខាងត្បូងក៏បានកត់ត្រាអ្នកស្លាប់ ចំនួនម្នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្ យចំនួនមនុស្សស្លាប់ សរុបបានកើនដល់ ២៦៤នាក់ ឬស្មើនឹង ២.៣៧% នៃចំនួនអ្នកដែលបានឆ្លងជំងឺ  COVID-19 ទាំងអស់។

ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខសរុបនៃអ្នកជាសះស្បើយឡើងវិញ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងក៏បានបញ្ជាក់ដែរថា បានកើនដល់ ១០,១៣៥នាក់ហើយ ឬស្មើនឹង ៩១.១% នៃចំនួនអ្នកជំងឺសរុប បន្ទាប់ពីអ្នកជំងឺចំនួន ៦៩នាក់បន្ថែមទៀត ទើបតែបានជាសះស្បើយ កាលពីម្សិលមិញនេះ។

គួរជម្រាបថា គិតចាប់តាំងពីថ្ងៃទី០៣ ខែមករា កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង ៧៨៨,០០០នាក់ហើយ ក្នុងចំណោមនោះ ៧៥៩,៤៧៣នាក់ មានលទ្ធផលអវិជ្ជមាន ខណៈ ១៨,០៨៩នាក់កំពុងស្ថិតក្នុងការតាមដាននៅឡើយ៕

ដកស្រង់ពី៖ Fresh News