Social Network

កូរ៉េខាងជើង៖ «ទង្វើរបស់ចិនលើហុងកុង គឺជារឿងសមហេតុផលជាទីបំផុត»

កាសែតផ្លូវការបស់កូរ៉េខាងជើងបានចេញផ្សាយថា ការអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ «គឺជារឿងសមហេតុផលបំផុត»។

នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរនារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។ រ៉ូដុង ស៊ីនម៉ាន់ (Rodong Sinmun) ដែលជាកាសែតផ្លូវការមួយរបស់កូរ៉េខាងជើង បានចេញផ្សាយបទអត្ថាធិប្បាយមួយយ៉ាងដូច្នេះថា «រដ្ឋាភិបាលចិនបានចាត់វិធានការជាច្រើន ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជននៅហុងកុង... ហុងកុងគឺជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់ចិន ហើយក៏គ្មាននរណាម្នាក់មានសិទ្ធិនិយាយបង្កាច់បង្ខូច និងជ្រៀតជ្រែកក្នុងដែនដីមួយនេះបានទេ»។

កាសែតដដែលបានសង្កត់ធ្ងន់ទៀតថា ការប៉ុនប៉ងណាមួយ ដែលមានបំណងបំបែកបំបាក់ហុងកុងចេញពីចិន ក្រោមពាក្យស្លោក «ឯករាជ្យ» គឺរឿងដែលមិនអាចទទួលបានឡើយ ខណៈការអនុម័តច្បាប់សន្តិសុខជាតិ សម្រាប់ទីក្រុងហុងកុងដោយសភាប្រជាជនចិន ដើម្បីការពារអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសជាតិ គឺជារឿងសមហេតុផលបំផុត។

គួរជម្រាបថា ជុំវិញការអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ទីក្រុងហុងកុង ដោយសភាប្រជាជនចិនកាលពីសប្តាហ៍កន្លងទៅនេះ បានបង្កជាភាពតានតឹងផ្នែកការទូតថែមមួយកម្រិតទៀត រវាងប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិន។

ជុំវិញបញ្ហានេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី ត្រាំ បានសម្រេចដកហូតឋានៈពិសេសរបស់ហុងកុងចេញបញ្ជីរបស់ខ្លួន ក្រោយបានចោទប្រកាន់តែថា ចិនបង្កើតច្បាប់ថ្មីនេះដើម្បីបានជាន់ឈ្លីស្វ័យភាពរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនេះ។

ការដកហូតឋានៈនេះ នឹងធ្វើឲ្យហុងកុងបាត់បង់សិទ្ធិពាណិជ្ជកម្មពិសេសជាមួយសហរដ្ឋអាមេរិក រួមទាំងការយកពន្ធទាបជាងដែនដីផ្សេង ទៀតរបស់ចិនជាដើម។

ទោះបីជាបែបនេះក្តី ទីក្រុងហុងកុងក៏បានថ្កោលទោស ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ខាងលើនេះរួចមកហើយ និងថែមទាំងបានព្រមានទីក្រុងវ៉ាស៊ីនតោនវិញថា ការធ្វើបែបនេះមិនត្រឹមតែបំផ្លាញផលប្រយោជនប្រជាជនអាមេរិក នៅហុងកុងប៉ុណ្ណោះទេ ប៉ុន្តែផលប្រយោជន៍របស់អាមេរិក ក៏រងផលប៉ះពាល់ដូចគ្នា៕