Social Network

ទីក្រុងហុងកុងមិនអាចទ្រាំទ្រ​នឹងភាពវឹកវរតទៅទៀតបានទេ, នេះបើតាមលោកស្រីអភិបាល ខារី ឡាំ

(ហុងកុង)៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam ) បានព្រមាននៅថ្ងៃអង្គារនេះថា  ហុងកុងមិនអាចទ្រាំទ្រ នឹងភាពវឹកវរ ដែលកំពុងកើតមាន នៅលើទឹកដីរបស់ខ្លួនតទៅមុខទៀតទេ  ត្បិតថាមួយឆ្នាំហើយ ដែលទីក្រុងមួយនេះ បានឆ្លងកាត់មហាបាតុកម្មយ៉ាងហិង្សា។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈសន្និសីទប្រចាំសប្តាហ៍របស់ខ្លួន ដែលត្រូវចំនឹងខួបមួយឆ្នាំនៃការចាប់ផ្តើមផ្ទុះឡើងនៃបាតុកម្មនៅហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានលើកឡើងយ៉ាងដូច្នេះថា  «យើងទាំងអស់គ្នាអាចមើលឃើញ ពីការលំបាកដែលយើង បានឆ្លងកាត់រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ  ហើយដោយសារ ស្ថានភាពធ្ងន់ធ្ងរ បែបនេះហើយ ទើបយើងមានបញ្ហាជាច្រើន ត្រូវដោះស្រាយ»។

ជាមួយគ្នានោះមេដឹកនាំក្រុងហុងកុងរូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា «យើងទាំងអស់គ្នា ត្រូវតែចេះរៀនសូត្រ ពីកំហុសឆ្លង។ ខ្ញុំសង្ឈឹមថា សមាជិកសភាទាំងអស់អាចរៀនសូត្រ ពីកំហុស នោះគឺត្រូវគិតថាហុងកុង មិនអាចទ្រាំទ្រ នឹងភាពវឹកវរបែបនេះតទៅមុខទៀតទេ»។

គួរជម្រាបថា រយៈពេលពេញមួយឆ្នាំកន្លងទៅនេះ ហុងកុងបានស្គាល់នូវមហាបាតុកម្ម ស្ទើរសឹងតែមិនលោះមួយថ្ងៃ។ មនុស្សជាងមួយលាននាក់បានចុះតាមដងផ្លូវដើម្បីធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងសេចក្តីព្រាងច្បាប់ធ្វើបត្យាប័ន ជនសង្ស័យ ទៅកាន់ចិនដីគោក របស់រដ្ឋាភិបាលលោកស្រីខារី ឡាំ។

ក្រោយមកលោកស្រី ឡាំ ក៏បានសម្រេចដកសេចក្តីព្រាងច្បាប់នោះវិញ ប៉ុន្តែក្រុមបាតុករនៅតែមិនព្រមបញ្ឈប់ រហូតរាលដាលដល់ការទាមទារឲ្យទម្លាក់លោកស្រីចេញពីដំណែងទៀតផង៕

ដកស្រង់ពី៖ Fresh News