Social Network

កូរ៉េខាងជើង រំលឹកឡើងវិញនូវការមិនចង់ធ្វើកិច្ចចរចារជាមួយសហរដ្ឋអាមេរិក

អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង បានអះអាងជាថ្មីកាលពីថ្ងៃអង្គារនេះថា កូរ៉េខាងជើង គ្មានឆន្ទៈក្នុងការនិយាយទល់មុខគ្នាជាមួយសហរដ្ឋអាមេរិក និងបានជំរុញឱ្យកូរ៉េខាងត្បូង ស្ថិតនៅឲ្យឆ្ងាយពីការជ្រៀតជ្រែកក្នុងកិច្ចការរបស់ទីក្រុងព្យុងយ៉ាង។

អគ្គនាយកនៃនាយកដ្ឋានកិច្ចការសហរដ្ឋអាមេរិករបស់ក្រសួងការបរទេស ដែលត្រូវបានដកស្រង់សំដីដោយទីភ្នាក់ងារព័ត៌មានមជ្ឍឹមផ្លូវការកូរ៉េ បានបញ្ជាក់ជាថ្មីនូវសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដោយអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេសកូរ៉េខាងជើងថា កូរ៉េខាងជើង គ្មានចំណាប់អារម្មណ៍ក្នុងជំនួបរវាងកូរ៉េខាងជើង-អាមេរិកមួយទៀតទេ។

មន្រ្តីការទូតនោះ ក៏បានស្នើឲ្យមេដឹកនាំប្រធានាធិបតីកូរ៉េខាងត្បូង កុំអោយក្លាយជា “មនុស្សពូកែជ្រៀតជ្រែក ដែលបានបង្ហាញពីចេតនាខ្លួនម្តងទៀត ក្នុងឋានះជាអជ្ញាកណ្តាលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ដោយមិនគិតពីពេលវេលា” ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយនៅពេលដែលប្រេសិតពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់កូរ៉េខាងជើង គ្រោងនឹងមកដល់ទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីកូរ៉េខាងត្បូង ចំពេលកិច្ចចរចារនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ ដែលជាប់គាំង ហើយសំណើរកិច្ចប្រជុំកូរ៉េខាងជើង - អាមេរិក ក៏ទំនងជាមិនអាចកើតមានឡើង មុនការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះដែរ ដោយសារតែហេតុផលជំងឺ COVID-19 នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃពុធ។