Social Network

ជប៉ុន៖ មូលដ្ឋានទ័ពអាមេរិកចំនួនពីរនៅអូគីណាវ៉ា «ត្រូវបិទទ្វារ» ក្រោយផ្ទុះការឆ្លង COVID-19

 (តូក្យូ)៖ មូលដ្ឋានទ័ពជើងទឹកអាមេរិកចំនួនពីរ នៅក្នុងខេត្តអូគីណាវ៉ា (Okinawa) របស់ប្រទេសជប៉ុន ត្រូវបានសម្រេចឲ្យបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីផ្ទុះករណីឆ្លងជំងឺ COVID-19 រាប់សិបករណី។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២០។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកនឹងចែករំលែកព័ត៌មាន ដែលទាក់ទងនិងករណីឆ្លង COVID-19 នៅមូលដ្ឋានទ័ពអាមេរិក នៅលើកោះអូគីណាវ៉ា បន្ទាប់ពីករណីឆ្លងថ្មីចំនួន ៦២ករណីត្រូវបានគេរកឃើញនៅក្នុងមូលដ្ឋានទ័ព ០៣ផៀងៗគ្នា។

អាជ្ញាធរកោះអូគីណាវ៉ាបានប្រកាសថា មនុស្ស ៣៩នាក់នៅមូលដ្ឋានទ័ពអាកាស ហ្វូតេម៉ា (Futenma), ២២នាក់នៅជំរុំ ហានសិន (Hansen) និង ១នាក់នៅជំរុំ គីនសឺ (Kinser) បានធ្វើតេស្តវិជ្ជមានចំពោះ COVID-19 នៅចម្លោះថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែកក្កដា។

លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្គា (Yoshihide Suga) មន្ត្រីខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា ភាគីទាំងពីរអាមេរិក និងជប៉ុន កំពុងចែករំលែកព័ត៌មាន អំពីស្ថានភាពរបស់កងទ័ពអាមេរិក ដែលកំពុងផ្ទុកជំងឺ COVID-19។

ជុំវិញបញ្ហាខាងលើនេះដែរ អភិបាលខេត្តអូគីណាវ៉ា លោក ឌែននី តាម៉ាគិ (Denny Tamaki) ធ្លាប់បានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា មានករណីឆ្លងតិចតួចណាស់ ត្រូវបានគេរកឃើញនាពេលថ្មីៗនេះ ប៉ុន្តែភាគីអាមេរិកបានស្នើសុំ មិនឱ្យបង្ហាញតួលេខពិតប្រាកដនោះទេ។

លោក តាម៉ាគិ បានបន្តទៀតថា ប្រជាជនជប៉ុននៅអូគីណាវ៉ាមានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទងទៅនឹងព័ត៌មាននេះ ហើយឥឡូវនេះយើងសង្ស័យថា តើភាគីអាមេរិកបានចាត់វិធានគ្រប់គ្រាន់ដើម្បីបង្ការ ការឆ្លងវីរុសនេះហើយឬនៅ។

គួរបញ្ជាក់ថា ខាងកងទ័ពអាមេរិកមិនទាន់ចេញមុខបញ្ជាក់អ្វីឡើយ ក្រោយមានការចេញផ្សាយព័ត៌មាន អំពីការបិទមូលដ្ឋានទ័ពចំនួនពីរខាងលើនេះ។ សម្រាប់មូលដ្ឋានទ័ព ដែលត្រូវបានសម្រេចបិទជាបណ្តោះអាសន្ននេះ គឺទំនងជាងមូលដ្ឋានទ័ពជើងទឹក Futenma និង Hansen ដែលបានផ្ទុះករណីឆ្លង COVID-19 ច្រើនជាងគេ។ អាមេរិកមានកងទ័ពជាង ៥០,០០០នាក់ ឈរជើងនៅលើកោះអូគីណាវ៉ា៕

ដកស្រង់ពី៖ Fresh News