Social Network

សហរដ្ឋអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្ត អំពាវនាវឱ្យមានការបោះឆ្នោតក្នុងទីក្រុងហុងកុង ឲ្យបានឆាប់រហ័ស

(ក្រុងឡុងដ៍)៖ ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, កាណាដា, អូស្រ្តាលី, និងនូវែលសេឡង់ បានជំរុញឲ្យទីក្រុងហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់រហ័ស តាមដែលអាចធ្វើ ទៅបាន ជាមួយការព្រមានអាជ្ញាធរទីក្រុងហុងកុង កុំធ្វើសកម្មភាពណាមួយដែលបំផ្លាញដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ។

នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី១០ ខែសីហា ឆ្នាំ២០២០។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យ ម្សិលមិញ ក្រុមរដ្ឋមន្រ្តីការបរទេស នៃប្រទេសទាំង៥ខាងលើ បាននិយាយថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការដកសិទ្ធិបេក្ខជនដោយអយុត្តិធម៌ របស់រដ្ឋាភិបាលហុងកុង និងការពន្យារពេលមិនត្រឹមត្រូវលើការបោះឆ្នោះសភា។

ការធ្វើបែបនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះដ៏មានស្ថេរភាព និងវិបុលភាពរបស់ទីក្រុងហុងកុង។

ពួកគេក៏បានជម្រុញឲ្យរដ្ឋាភិបាលហុងកុង រៀបចំការបោះឆ្នោតឲ្យបានឆាប់តាម ដែលអាចធ្វើទៅបានផងដែរ។ គួរបញ្ជាក់ថា សេចក្ដីថ្លែងការណ៍ខាងលើ កើតមានឡើងចំពេលសមាជិកសភាចិន បានបើកកិច្ចប្រជុំមួយ ដើម្បីសម្រេចចិត្តលើជំហានបន្ទាប់ ក្រោយការបោះឆ្នោតសភារបស់ ទីក្រុងហុងកុង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ។

តែត្រូវពន្យារពេល មួយឆ្នាំដោយសារតែ COVID-19។ នាយកប្រតិបត្តិទីក្រុងហុងកុង លោកស្រី Carrie Lam បាននិយាយថា វាជារឿងសមហេតុផលបំផុតក្នុងការពន្យារអាណត្តិ តំណាងរាស្ត្រនៃនីតិកាលបច្ចុប្បន្ន។ ប៉ុន្តែ ទន្ទឹមគ្នា មានការចោទជាសំនួរអំពីសមាជិកសភាប្រឆាំង៤រូប ដែលត្រូវបានរារាំងមិនឲ្យមានសិទ្ធិបោះឆ្នោត។

សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំង៤រូបនោះ ត្រូវបានដកសិទ្ធិ ពីបទរំលោភច្បាប់សន្តិសុខជាតិថ្មី ដោយអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មអន្តរជាតិលើទីក្រុងប៉េកាំង និងទីក្រុងហុងកុង៕

ដកស្រង់ពី៖ Fresh News