Social Network

ទីបំផុតលោក Suga ជាប់ឆ្នោតក្លាយជាប្រធានថ្មី នៃគណបក្សកាន់អំណាច (LDP) ដែលនឹងត្រួសត្រាយផ្លូវ ទៅរកតំណែងនាយករដ្ឋមន្ត្រី

 (តូក្យូ)៖ គណបក្សសេរីប្រជាធិបតេយ្យជប៉ុន (LDP) នៅថ្ងៃចន្ទនេះបានបោះឆ្នោតជ្រើសតាំង ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ធ្វើជាមេដឹកនាំថ្មីរបស់ខ្លួនហើយ ខណៈលោកត្រូវបានគេរំពឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី ព្រោះគណបក្សបក្ស មានសំឡេងភាគច្រើននៅក្នុងសភាជប៉ុន។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២០។

យោងតាមលទ្ធផលនៃការបោះឆ្នោត នៅក្នុងគណបក្ស LDP លោក Suga Yoshihide ទទួលបានសំឡេងគាំទ្ររហូតដល់ទៅ ៣៧៧សំឡេងឯណោះ ខណៈអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក ស៊ីហ្គែរុ អ៉ីស៊ីបា (Shigeru Ishiba) ទទួលបាន ៦៨សំឡេង និងអតីតរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហ្វូមីអ៊ូ គីហ្ស៊ីដា (Fumio Kishida) ទទួលបាន ៨៩សំឡេង។

គួរបញ្ជាក់ថា ការជាប់ឆ្នោតធ្វើជាប្រធានថ្មី នៃគណបក្សកាន់អំណាចពេលនេះ នឹងធ្វើឲ្យលោក Suga Yoshihide គិតគូរអំពីជំហានបន្ទាប់ ដើម្បីក្លាយខ្លួនជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ក្រោយពីលោក អាបេ ស៊ីនហ្សូ កាលពីខែសីហាកន្លងទៅនេះបានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ដោយសារតែបញ្ហាសុខភាពជាចម្បង។

លោក Suga គឺជាមនុស្សស្មោះត្រង់ម្នាក់នឹងលោក អាបេ និងជាអ្នកដែលអាចនឹងបន្តដើរតាម គោលនយោបាយសំខាន់ៗរបស់លោក អាបេ ក្នុងនោះរួមមានទាំងគោលនយោបាយការបរទេស និងសេដ្ឋកិច្ចជាដើម៕

ដកស្រង់ពី៖ Fresh News