Social Network

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ជាទ្រង់ទ្រាយធំ ក្នុងខែវិច្ឆិកា

ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារ COVID-19 ជាទ្រង់ទ្រាយធំ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីធានាការផ្គត់ផ្គង់ពីក្រុមហ៊ុនចិន។ ក្រសួងសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ បានប្រកាសផែនការនេះនៅក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃច័ន្ទ។

ឥណ្ឌូណេស៊ី បានធានាការផ្គត់ផ្គង់ ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគ និងរដ្ឋមន្រ្តីសុខាភិបាលខ្លួន ទៅកាន់ប្រទេសចិន កាលពីថ្ងៃសៅរ៍។ ប្រទេសឥណ្ឌូនេស៊ី គ្រោងនឹងផ្តល់អាទិភាពដល់អ្នក ដែលនៅជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ដើម្បីទទួលបានវ៉ាក់សាំង។

ពួកគេជាបុគ្គលិកពេទ្យ ប៉ូលីស និងកងទ័ព។ ប្រទេស ដែលមានប្រជាជនចំនួន ២៧០ លាននាក់នេះ គ្រោងនឹងចាក់វ៉ាក់សាំងការពារ COVID-19 យ៉ាងតិចណាស់លើប្រជាជនចំនួន ១៧០ លាននាក់។

ឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទ មានករណីឆ្លង COVID-19 ជាសរុបនៅទូទាំងប្រទេស ចំនួន 336,716នាក់ និងករណីស្លាប់ មានចំនួន 11,935 នាក់ ដោយរដ្ឋធានី Jakarta ជាប់ចំណាត់ថ្នាក់ទីមួយនៃការវាយប្រហារខ្លាងបំផុត និងបន្ទាប់មក គឺកោះជ្វាខាងកើត នេះបើតាមការផ្សាយរបស់ស៊ិនហួរ-ចិន កាលពីថ្ងៃអង្គារ៍។