Social Network

វៀតណាម៖ មនុស្សស្លាប់កើនដល់ ៣៦នាក់, ១២នាក់បាត់ខ្លួន និងផ្ទះរាប់សែនខ្នងត្រូវលិចលង់

(ហាណូយ)៖ ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៣៦នាក់ហើយនៅភាគកណ្តាលប្រទេសវៀតណាម ខណៈមនុស្ស ១២នាក់ទៀតកំពុងបាត់ខ្លួន និងផ្ទះជាង ១៣៥,៧០០ខ្នងបានជន់លិច ព្រមទាំងចំការដំណាំជាច្រើនហិកតា ទៀតត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅតែបន្តអូសបន្លាយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២០។ អាជ្ញាធរវៀតណាមបានបញ្ជាក់ថា ក្នុងចំណោមមនុស្សស្លាប់ទាំង ៣៦នាក់ខាងលើនេះ ៣០នាក់ត្រូវបានទឹកហូរកួចយកទៅ បណ្តាលឲ្យលង់ស្លាប់។

បន្ថែមពីនេះផ្ទៃដីដំណាំប្រមាណជាង ៦,០០០ហិកតាត្រូវបានទឹកជំនន់បំផ្លិចបំផ្លាញ ខណៈសត្វពាហនៈជាង ៣៣០,០០០ក្បាលបានងាប់។អាជ្ញាធរឧតុនិយមវៀតណាមបានឲ្យដឹងថា ភ្លៀងអាចបន្តធ្លាក់បន្ថែមទៀត នៅភាគខាងជើង និងភាគកណ្តាលនៃប្រទេសវៀតណាម។

មនុស្សប្រហែល ៥០,០០០នាក់ ត្រូវបានអាជ្ញាធរណែនាំឲ្យជម្លៀសចេញពីតំបន់រងគ្រោះ ដោយសារទឹកជំនន់រួមមានខេត្តក្វានប៊ិញ (Quan Binh), ក្វាងទ្រី (Quang Tri), ក្វាងណាម (Quang Nam), និងខេត្ត ធួធានហឺ (Thua Thien-Hue)។ អាជ្ញាធរមូលដ្ឋានបានស្នើសុំដល់រដ្ឋាភិបាលវៀតណាម ឲ្យផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាអង្ករ ៦,៥០០តោន, ស្បៀងបន្ទាប់បន្សំ និងឧបករណ៍សង្គ្រោះចំបាច់ផ្សេងៗទៀត។

នៅជុំវិញបញ្ហាខាងលើលោកនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក (Nguyen Xuan Phuc) បានជម្រុញឲ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការបន្ថែមទៀត ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលបាត់ខ្លួន និងធានាឲ្យប្រាកដថា ប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ទទួលបាននូវតម្រូវការចាំបាច់ប្រចាំថ្ងៃ។

គួរបញ្ជាក់ថា ព្យុះត្រូពិកមួយទៀតដែលមានឈ្មោះថា ណាងកា (Nangka) បាននិងកំពុងវាយប្រហារនៅភាគខាងជើង និងភាគកណ្តាលប្រទេស ចាប់ពីថ្ងៃពុធនេះតទៅ។ ទីភ្នាក់ងារឧតុនិយមវៀតណាមបានព្រមានថា ព្យុះនេះនឹងនាំមកនូវទឹកភ្លៀងរហូតដល់កម្រិត ៤០០មីលីម៉ែត្រនៅតាមបណ្តាខេត្ត ដូចដែលបានរៀបរាប់ខាងលើ៕

ដកស្រង់ពី៖ Fresh News