Social Network

ជប៉ុនអាចនឹងបញ្ចេញ «ទឹកផ្ទុកកាកសំណល់វិទ្យុសកម្ម» ចូលក្នុងមហាសមុទ្រ ចំពោះមុខការរិះគន់ក្នុងស្រុក និងក្រៅស្រុក

  (តូក្យូ)៖ រឿងរ៉ាវដែលបានបង្កភាពចម្រូងចម្រាសទាំងនៅក្នុងប្រទេស និងក្រៅប្រទេស អំពីការចាត់ចែងទឹកផ្ទុកកាកសំណល់វិទ្យុសកម្មកម្រិតទាប ពីតំបន់រោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា (Fukushima) នឹងមានច្រកចេញហើយ ដោយអាជ្ញាធរជប៉ុនអាចនឹងសម្រេច បង្ហូរទឹកទាំងនោះចូលក្នុងសមុទ្រ។

នេះបើតាមការចេញផ្សាយដោយ AFP ដកស្រង់ពីសារព័ត៌មានជប៉ុន Jiji នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។ បើតាមសារព័ត៌មានជប៉ុនខាងលើ សេចក្តីសម្រេចជាផ្លូវការអាចនឹងត្រូវធ្វើឡើង នៅអំឡុងខែតុលានេះតែម្តង។

ក្រុមហ៊ុនជប៉ុន Tokyo Electric ដែលកំពុងប្រឈមមុខបញ្ហានេះបានអះអាងថា ទឹកផ្ទុកកាកសំណល់វិទ្យុសកម្មក្នុងកម្រិតទាប បានកើនឡើងរហូតដល់ជាង ១លានតោនហើយ គិតចាប់តាំងពីការផ្ទុះរោងចក្រនុយក្លេអ៊ែរហ្វ៊ូគូស៊ីម៉ា កាលពីឆ្នាំ២០១១ ដោយសារតែការរញ្ជួយផែនដី និងរលកយក្សស៊ូណាមិនោះ។

បើតាម Tokyo Electric បានគណនាថា ទីតាំងស្តុកទឹកនឹងលើសសមត្ថភាពស្តុកនៅឆ្នាំ២០២២ ខាងមុខនេះហើយ។ គួរបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន និងក្រុមជំនាញបានធ្វើការពិនិត្យឡើងវិញអំពី ចំណាត់ការដែលត្រូវធ្វើ ចំពោះទឹកផ្ទុកកាកសំណល់ដែលចេះតែមានចំនួនកើនឡើង។

ទោះបីជាសំណល់វិទ្យុសកម្មទាំងនោះ ត្រូវបានក្រុមជំនាញអះអាងរួចទៅហើយថា មានកម្រិតគ្រោះថ្នាក់តិចតួចបំផុត ឬស្ទើរតែមិនអាចបង្កផលប៉ះពាល់ក៏ដោយ ក៏ការរិះគន់ក្នុងស្រុកនៅតែកើតមានឡើង។

ដោយឡែកប្រទេសកូរ៉េខាងត្បូង និងចិន ក៏ធ្លាប់បញ្ចេញប្រតិកម្មចំពោះចេតនាជប៉ុន ដែលចង់បង្ហូរទឹកកាកសំណល់ខាងលើនេះ ចូលទៅក្នុងសមុទ្រផងដែរ៕

ដកស្រង់ពី៖ Fresh News