Social Network

WHO រកឃើញផ្ទុយពីអាមេរិក! ថ្នាំ Remdesivir ដែលត្រូវបានប្រើដើម្បីព្យាបាលលោក ត្រាំ ទំនងជាមិនអាចព្យាបាលកូវីដ-១៩ រហ័សជាងថ្នាំដទៃឡើយ

(ញូយ៉ក)៖ ការសិក្សាស្រាវជ្រាវថ្មីមួយរបស់អង្គការសុខភាពពិភពលោក (WHO) បានរកឃើញថា ថ្នាំប្រឆាំងវីរុស រ៉េមដេស៊ីវា (Remdesivir) របស់ក្រុមហ៊ុនអាមេរិក ជីលីដ (Gilead Sciences) មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺឆ្លង COVID-19 ជាងថ្នាំព្យាបាលដទៃៗទៀតនោះឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។ Remdesivir គឺជាថ្នាំដំបូងគេមួយដែលត្រូវបានប្រើប្រាស់ សម្រាប់ព្យាបាកអ្នកជំងឺ COVID-19 ហើយវាក៏ជាថ្នាំដែលក្រុមគ្រូពេទ្យបានប្រើ ដើម្បីព្យាបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឲ្យជាសះស្បើយពីជំងឺ COVID-19 កាលពីសប្ដាហ៍មុនផងដែរ។

បើតាមធ្វើតេស្ដលើមនុស្សដោយអង្គការ WHO ថ្នាំខាងលើនេះមិនអាចកាត់បន្ថយ រយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏អាចបង្កើនឱកាសក្នុងការរក្សាជីវិតអ្នកជំងឺ ដែលបានឆ្លង COVID-19 ជាងថ្នាំព្យាបាលផ្សេងទៀតនោះឡើយ។ ទោះជាបែបនេះក្តី លទ្ធផលសិក្សាថ្មីរបស់ WHO មិនទាន់ត្រូវបានពិនិត្យ និងធ្វើបច្ចុប្បន្នភាពនៅឡើយទេ។

គួរជម្រាបថា លទ្ធផលក្រោយការសិក្សាខាងលើរបស់ អង្គការសុខភាពពិភពលោក បានមកពីការធ្វើតេស្ដ និងវាយតម្លៃលើផលប៉ះពាល់នៃថ្នាំចំនួន ០៤ប្រភេទក្នុងនោះរួមមាន Remdesivir, (អ៉ីដ្រុកស៊ីក្លរ៉ូឃ្វីន) hydroxychloroquine, ថ្នាំប្រឆាំងវីរុស HIV (lopinavir/ritonavir) និងថ្នាំ អ៉ីនធើហ្វែរ៉ូន (interferon)។

ការធ្វើតេស្ដនេះធ្វើឡើងលើអ្នកជំងឺជាមនុស្សពេញវ័យចំនួន ១១,២៦៦នាក់ នៅក្នុងប្រទេសចំនួន ៣៣។ ការអះអាងរបស់ WHO ពេលនេះ ក៏ផ្ទុយនឹងការលើកឡើងរបស់លោក ត្រាំ និងវេជ្ជបណ្ឌិតប្រចាំខ្លួនលោកផងដែរ ខណៈប្រធានាធិបតីរូបត្រូវបានគេមើលឃើញថា បានជាសះស្បើយពី COVID-19 វិញ ដោយប្រើពេលមិនដល់មួយសប្តាហ៍ផង ក្រោយការធ្វើតេស្តវិជ្ជមានកាលពីដើមខែតុលា៕

ដកស្រង់ពី៖ Fresh News