Social Network

ក្រុមបាតុករថៃដង្ហែញ្ញតិ ទៅស្ថានទូតអាល្លឺម៉ង់ ដើម្បីស្នើឲ្យស៊ើបអង្កេតលើស្តេច, បាតុករស្រែកពាក្យស្លោកថា «យើងជាមនុស្ស មិនមែនជាធូលីឡើយ»

  (បាងកក)៖ ក្រុមបាតុករថៃបានពង្រីកការតវ៉ារបស់ពួកគេ ជាលក្ខណៈអន្តរជាតិ តាមរយៈការដើរដង្ហែញ្ញតិទៅកាន់ ស្ថានទូតអាល្លឺម៉ង់ ដើម្បីអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកស្រីអធិការបតី អាន់ជែឡា មើគែល (Angela Merkel) ធ្វើការស៊ើបអង្កេតពីការប្រើប្រាស់អំណាច របស់ព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន (Maha Vajiralongkorn) នៅពេលដែលទ្រង់កំពុងស្នាក់នៅក្នុងរដ្ឋបាវ៉ារៀ (Bavaria) ប្រទេសអាល្លឺម៉ង់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០។ បាតុកម្មនៅនៅតែបន្ត ខណៈដែលសភាថៃបានចាប់ផ្តើមសម័យប្រជុំពិសេសរយៈពេល ០២ថ្ងៃចាប់តាំងពីព្រឹកថ្ងៃចន្ ទម្សិលមិញ ដើម្បីដោះស្រាយភាពតានតឹងផ្នែកនយោបាយ ដែលបង្កឲ្យមាន ការតវ៉ាស្ទើរតែរាល់ថ្ងៃទៅហើយ ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង, ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងការកំណែទម្រង់របបរាជាធិបតេយ្យ។

នៅក្នុងពិធីដង្ហែក្បួនទៅរកស្ថានទូតអាល្លឺម៉ង់នោះ ក្រុមបាតុករថៃបានស្រែកពាក្យស្លោកមួយថា «យើងជាមនុស្ស មិនមែនជាធូលីនោះឡើយ»។ ក្រុមបាតុករពីរហូតដល់រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នា និងដើរហែរក្បួនទៅកាន់ស្ថានទូតអាល្លឺម៉ង់ ប្រចាំទីក្រុងបាងកក បើទោះបីជាមានការព្រមានពីកងកម្លាំងប៉ូលិសក៏ដោយ។ សេចក្តីថ្លែងការណ៍មួយរបស់ក្រុមអ្នកតវ៉ាបានគូសបញ្ជាក់ថា ពួកគេដាក់លិខិតមួយទៅកាន់ស្ថានទូតអាល្លឺម៉ង់ ដើម្បីសាកសួរថា តើព្រះមហាក្សត្រថៃបានបំពានច្បាប់របស់អាល្លឺម៉ង់ ដោយប្រើអំណាចរបស់ទ្រង់ពីទីនោះដែរ ឬទេ ព្រោះសកម្មភាពបែបនេះ ជាអ្វីដែលរដ្ឋាភិបាលអាល្លឺម៉ង់ចាត់ទុកថា ជារឿងដែលមិនអាចទទួលយកបានផងដែរ។

កាលពីដើមខែតុលា រដ្ឋាភិបាលអាល្លឺម៉ង់ បានលើកយកបញ្ហានេះមកពិភាក្សា នៅពេលដែលរដ្ឋមន្ត្រី ក្រសួងការបរទេសលោក ហេកូ ម៉ាស (Heiko Maas) បានឆ្លើយតបនឹងសំណួរខាងលើនៅក្នុងសភា ដោយបានសម្តែងការព្រួយបារម្ភ ចំពោះសកម្មភាពនយោបាយណាមួយ ដែលព្រះមហាក្សថៃ អាចនឹងធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់។

កាលពីថ្ងៃចន្ទម្សិលមិញ នៅទីក្រុងប៊ែកឡាំងលោក Maas បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «រដ្ឋាភិបាលអាល្លឺម៉ង់កំពុងតែតាមដាន ការវិវត្តន៍នៅក្នុងប្រទេសថៃយ៉ាងយកចិត្តទុកដាក់បំផុត ហើយខ្ញុំក៏កំពុងតែតាមដាន សកម្មភាពរបស់ស្តេចថៃ នៅប្រទេសអាល្លឺម៉ង់ផងដែរ»។ លោករដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ បានបន្ថែមទៀតថា យើងកំពុងតែបន្តពិនិត្យមើលលើករណីនេះ ហើយប្រសិនបើមានអ្វីដែលយើងរកឃើញថា «ខុសច្បាប់» យើងនឹងចាត់វិធានការជាបន្ទាន់។

នៅក្នុងកិច្ចប្រជុំនៃសភាថៃ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចានអូចា បានថ្លែងថា លោកនិងរដ្ឋាភិបាលដឹងច្បាស់ថា បច្ចប្បន្ននេះគឺជាយុគសម័យនៃការផ្លាស់ប្តូរ ដែលជំរុញដោយបច្ចេកវិទ្យា ប៉ុន្តែយើងទាំងអស់គ្នាត្រូវទទួលស្គាល់ថា ប្រទេសថៃមានប្រជាជនរាប់លាននាក់ ដែលមិនចង់ឃើញការផ្លាស់ប្តូរ តាមរយៈភាពវឹកវរនោះទេ។

នាយករដ្ឋមន្ត្រីរូបនេះក៏បានអំពាវនាវឲ្យសភា ស្វែងរកដំណោះស្រាយដ៏សមស្រប ដែលធ្វើឲ្យភាគីទាំងអស់អាចទទួលយកបានផងដែរ៕

ដកស្រង់ពី៖ Fresh News