Social Network

រុស្ស៊ី៖ អ្នកមិនខ្វល់ពីសំណើរបស់លោក ពូទីន ជុំវិញសន្ធិសញ្ញានុយក្លេអ៊ែរ INF គឺគ្មានទំនួលខុសត្រូវលើសន្តិសុខអ៉ឺរ៉ុប

 (ម៉ូស្គូ)៖ សំណើរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លា៉ឌីមៀ ពូទីន លើសន្ធិសញ្ញានុយក្លេអ៊ែរ INF មានគោលបំណងបង្ការវិបត្តិមីស៊ីល កុំឱ្យកើតឡើងជាថ្មីក្នុងតំបន់អឺរ៉ុប ហើយអ្នកដែលប្រងើយកន្ដើយនឹងការអំពាវនាវរបស់លោក នោះគឺបង្ហាញពីភាពមិនទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រសន្តិសុខអឺរ៉ុបទាំងមូល។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។ លោក Sergey Ryabkov ជាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ធ្វើការកត់សម្គាល់ខាងលើ នៅថ្ងៃពុធនេះ ដោយចង់សំដៅលើសហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញពីសន្ធិសញ្ញា INF។

លោក Ryabkov បានលើកឡើងដូច្នេះថា៖ «សំណើររបស់គាត់ (លោក ពូទីន) គឺឆ្លុះបញ្ចំងពីគោលនយោបាយរបស់គាត់ ដែលមានបំណងចូលរួមចំណែករក្សាស្ថិរភាព នៃស្ថានភាពយោធា និងនយោបាយ ក្នុងតំបន់អឺរ៉ុប ដើម្បីបង្ការកុំឱ្យវិបត្តិមីស៊ីលកើតឡើងជាថ្មី»។

លោកបន្ថែមថា អ្នកដែលប្រងើយកន្ដើយនឹងសំណើររបស់លោក ពូទីន គឺបង្ហាញពីភាពគ្មានទំនួលខុសត្រូវទាល់តែសោះ ចំពោះសន្តិសុខអ៉ឺរ៉ុបទាំងមូល។ គួរជម្រាបថា សហរដ្ឋអាមេរិក កាលពីខែសីហា ឆ្នាំ២០១៩ បានប្រកាសដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ដោយចោទថាទីក្រុងម៉ូស្គូ បានបំពានសន្ធិសញ្ញានុយក្លេអ៊ែរ នេះ។

តែទីក្រុងម៉ូស្គូបានបដិសេធ។ INF គឺជាសន្ធិសញ្ញាដែលត្រូវបានចុះហត្ថលេខាដោយអតីតប្រធានាធិបតីអាមេរិក និងមេដឹកនំាសហភាពសូវៀត អំឡុងឆ្នាំ១៩៨៧ ក្នុង គោលដៅហាមឃាត់ការដាក់ពង្រាយមីស៊ីលផ្លោងបាលិស្ទីគរយៈចំងាយខ្លី និងមធ្យម រួមទាំងប្រភេទគ្រុសមីស៊ីល៕

ដកស្រង់ពី៖ Fresh News