Social Network

ចិនទទូចឲ្យអាមេរិកបោះចោល គំនិតសង្គ្រាមត្រជាក់ និងឈប់ចាត់ទុកចិនជាប្រទេស «បង្កការគំរាមកំហែង» (Video inside)

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឆ្លើយតបទៅនឹង សុន្ទរកថារបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) ដែលបានធ្វើឡើងនៅថ្ងៃអង្គារសប្ដាហ៍នេះ នៅទីក្រុងញូដេលី (New Dehli) ប្រទេសឥណ្ឌា ជាកន្លែងដែលលោកបានអំពាវនាវឱ្យមានភាពជាដៃគូវាងឥណ្ឌា និងសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២០។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ចិនទទូចដល់រដ្ឋមន្រ្តីការបរទេសអាមេរិក ឱ្យបោះបង់ចោលនូវគំនិតសង្រ្គាមត្រជាក់ និងឈប់ហៅចិនថាជាការ «គំរាមកំហែង» តទៅទៀត។

ចំពោះសេចក្តីថ្លែងការណ៍របស់លោក Pompeo បានកើតមានឡើងភ្លាមៗ មុនពេលដែលលោក និងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ម៉ាក អ៉ីស្ពើ (Mark Esper) បានជួបពិភាក្សាគ្នាជាយុទ្ធសាស្ត្រ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក ស៊ូប្រាហ៍ម៉ាន់យ៉ាម ចៃសង្កា (Subrahmanyam Jaishankar) និងរដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក រ៉ាចណាត់ សិង្ហ (Rajnath Singh) នៅថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Pompeo បាននិយាយមុនពេលកិច្ចពិភាក្សាត្រូវបានចាប់ផ្តើមថា «មានការងារជាច្រើនទៀតដែលយើងត្រូវធ្វើ និងត្រូវពិភាក្សាគ្នានៅថ្ងៃនេះ អំពីកិច្ចសហប្រតិបត្តិការរបស់យើង លើជំងឺរាតត្បាតសកល (COVID-19) ដែលមានដើមកំណើតចេញពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ដើម្បីប្រឈមមុខនឹងការគំរាមកំហែងរបស់គណបក្សកុម្មុយនីស្តចិន (CCP) ចំពោះសន្តិសុខ និងសេរីភាពក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅទូទាំងតំបន់»។

ក្នុងអំឡុងកិច្ចពិភាក្សានេះ ប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិកបានធ្វើការចុះហត្ថលេខា លើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានភូមិសាស្រ្តដ៏ធំមួយ ដែលមានឈ្មោះថាកិច្ចព្រមព្រៀងផ្លាស់ប្តូរមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការ ឬហៅកាត់ថា BECA ដែលអនុញ្ញាតឱ្យទីក្រុងញូដេលី អាចទទួលបាននូវទិន្នន័យភូមិសាស្ត្រ និងរូបភាពជាក់ស្តែងពីផ្កាយរណបអាមេរិក។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើនេះបានកើតឡើង ខណៈភាពតានតឹងនៅជុំវិញតំបន់ជម្លោះព្រំដែនចិន-ឥណ្ឌា នៃជួរភ្នំហិម៉ាល័យ (Himalayan) កំពុងតែកើនឡើងគួរឱ្យកត់សម្គាល់ ហើយមនុស្សជាច្រើនជឿថា ឥឡូវនេះ BECA នឹងផ្តល់ឱ្យប្រទេសឥណ្ឌានូវឧបករណ៍បន្ថែម នៅក្នុងការប្រឈមមុខផ្នែកភូមិសាស្ត្រនយោបាយ ជាមួយទីក្រុងប៉េកាំង ថែមទាំងអនុញ្ញាតឱ្យទីក្រុងញូដេលី តាមដានលើចលនានៃនាវាចម្បាំងចិនទៀតផង។

បន្ថែមពីនេះ រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Esper បានគូសបញ្ជាក់ឱ្យដឹងថា សហរដ្ឋអាមេរិកឥឡូវនេះ ក៏កំពុងតែមានផែនការលក់យន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំងបន្ថែមទៀតទៅកាន់ប្រទេសឥណ្ឌាផងដែរ បន្ទាប់ពីកិច្ចព្រមព្រៀងខាងលើត្រូវបានចុះហត្ថលេខា។

គួរជម្រាបថា លោក Pompeo និងលោក Esper បានមកដល់ទីក្រុង New Dehli ប្រទេសឥណ្ឌា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរយៈពេល ០៥ថ្ងៃរបស់ពួកគេទៅកាន់តំបន់អាស៊ី រួមបញ្ចូលទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសស្រីលង្កា (Sri Lanka), ឥណ្ឌូណេស៊ី (Indonesia), និងម៉ាល់ឌីវ (Maldives) ផងដែរ៕

ដកស្រង់ពី៖ Fresh News