Social Network

វៀតណាមប្រកាសភ្លាមៗពីដំណើរទស្សនកិច្ច នៃរដ្ឋមន្ត្រីការបរទេសអាមេរិក ប៉ុមប៉េអូ ទៅកាន់ទីក្រុងហាណូយ

  (ហាណូយ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ នឹងបំពេញដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្ដាហ៍នេះ ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកមួយជុំតំបន់អាស៊ី ហើយវាក៏ត្រូវបានចាត់ទុកជារឿងភ្ញាក់ផ្អើលមួយផងដែរ ព្រោះនៅក្នុងបញ្ជីឈ្មោះកន្លងមក គឺពុំមានប្រទេសវៀតណាមនោះឡើយ។

នេះបើតាមប្រភពពីរដ្ឋាភិបាលវៀតណាម ដកស្រង់ដោយពីទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែតុលា ឆ្នាំ២០២០។

គម្រោងបំពេញទស្សនកិច្ចខាងលើនេះ ត្រូវបានប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយលើគេហទំព័រព័ត៌មាននៃរដ្ឋាភិបាលវៀតណាម ក៏ដូចជាធ្វើឡើងឱកាសនៃ ការប្រារព្ធខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង២។

ក៏ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនទាន់ទទួលស្គាល់ថា តើលោក ប៉ុមប៉េអូ នឹងបញ្ចូលវៀតណាមក្នុងបញ្ជីឈ្មោះប្រទេស ដែលលោកត្រូវធ្វើទស្សនកិច្ចនោះទេ។

លោក ប៉ុមប៉េអូ បានធ្វើដំណើរមកដល់ប្រទេសម៉ាល់ឌីវ កាលពីថ្ងៃពុធម្សិលមិញ ក្រោយបញ្ចប់ទស្សនកិច្ចក្នុងប្រទេសឥណ្ឌា និងស្រីលង្កា ហើយលោកគ្រោងនឹងបន្តបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃព្រហស្បតិ៍នេះ។

គួរបញ្ជាក់ថា ការប្រកាសពីគម្រោងបំពេញទស្សនកិច្ចរបស់លោក ម៉ៃក៍ ប៉ុមប៉េអូ កើតមានឡើង ក្រោយពលរដ្ឋអាមេរិកម្នាក់ ដែលត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ ១២ឆ្នាំនៅក្នុងប្រទេសវៀតណាម ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលទីក្រុងហាណូយនោះ ត្រូវបានដោះលែងឱ្យមានសេរីភាព និងត្រឡប់ទៅដល់ផ្ទះរបស់លោកវិញក្នុងរដ្ឋកាលីហ្វ័ញ៉ា កាលពីសប្ដាហ៍មុន៕

ដកស្រង់ពី៖ Fresh News