Social Network

អ្នកឆ្លងកូវីដ-១៩ នៅរុស្ស៊ី កើនលើស «២លាននាក់» ក្រោយពីបានកត់ត្រាអ្នកឆ្លងថ្មីចំនួន ២៣,៦១០ករណីថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ

  (ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនាថ្ងៃព្រហស្បតិ៍នេះ បានឲ្យរាយការណ៍ពីការរកឃើញករណីឆ្លងនៃជំងឺ COVID-19 ចំនួន ២៣,៦១០នាក់ ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេសរុស្ស៉ីកើនលើស ២លាននាក់ហើយ។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០។

បើតាមប្រភពដដែល ករណីស្លាប់ថ្មីចំនួន ៤៦៣នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យចំនួនករណីស្លាប់សរុបកើនដល់ ៣៤,៨៥០នាក់។ ចំណែកចំនួនអ្នកជាសះស្បើយកើនដល់ ១,៥២៦,៦៥៦នាក់ ក្រោយអ្នកជំងឺ ២៥,៥៧៣នាក់ ទើបតែចេញពីមន្ទីរពេទ្យ។

សម្រាប់កំណើននៃករណីឆ្លងថ្មីនៅទីក្រុងម៉ូស្គូ ដែលជាតំបន់រងគ្រោះធ្ងន់ធ្ងរជាងគេបង្អស់ មានចំនួន៦,៤៣៨ ដែលធ្វើឲ្យករណីឆ្លងសរុបនៅក្រុងម៉ូស្គូកើនដល់ ៥៣៣,០៦៨នាក់។

គួរបញ្ជាក់ថា បើគិតអំពីចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅទូទាំងពិភពលោក រុស្ស៉ីនៅបន្តជាប់ចំណាត់ថ្នាក់ទី៥ដដែល ហើយស្ថិតនៅលេខរៀងទី២ ប្រចាំទ្វីបអឺរ៉ុប៕

ដកស្រង់ពី៖ Fresh News