Social Network

WHO ណែនាំមិនឲ្យប្រើថ្នាំ Remedsivir របស់អាមេរិក ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ព្រោះវាមិនមានប្រសិទ្ធភាពគ្រប់គ្រាន់ (Video inside)

(ប៉ារីស)៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបានផ្ដល់អនុសាសន៍ជាថ្មីថា ថ្នាំរ៉េមដេស៊ីវា (Remdesivir) មិនគួរត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺ COVID-19 មិនថា អ្នកជំងឺនោះមានរោគសញ្ញាធ្ងន់ធ្ងរប៉ុណ្ណានោះទេ ដោយសារតែថ្នាំប្រភេទនេះ «មិនមានប្រសិទ្ធភាពគ្រប់គ្រាន់» ក្នុងការជួយសង្រ្គោះជីវិតមនុស្សឡើយ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។ ការផ្ដល់អនុសាសន៍របស់អង្គការ WHO ធ្វើឡើងដោយផ្អែកលើការធ្វើតេស្ដដោយប្រើប្រាស់ថ្នាំ Remdesivir ព្យាបាលអ្នកជំងឺ COVID-19 ច្រើនជាង ៧,០០០នាក់។

WHO បានទទួលស្គាល់ថា អនុសាសន៍របស់ខ្លួនមិនមែនមានន័យថា ថ្នាំ remdesivir មិនមានផលប្រយោជន៍ទាល់តែសោះ សម្រាប់អ្នកជំងឺនោះឡើយ ប៉ុន្តែផ្អែកលើលទ្ធផលនៃការធ្វើតេស្ដ, តម្លៃ និងមធ្យោបាយដឹកជញ្ជូន គេមិនគួរប្រើប្រាស់ថ្នាំប្រភេទនេះ ជាវិធីសាស្ត្របន្ថែមពីលើការថែទាំជាធម្មតា ដើម្បីព្យាបាលអ្នកជំងឺ COVID-19 នោះឡើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប រួមទាំងបណ្ដាប្រទេសមួយចំនួនទៀត បានអនុញ្ញាតឱ្យប្រើប្រាស់ថ្នាំ Remdesivir ជាបណ្ដោះអាសន្នសម្រាប់ព្យាបាលអ្នកជំងឺ COVID-19 បន្ទាប់ពីការសិក្សាស្រាវមួយបង្ហាញថា ថ្នាំនេះអាចនឹងព្យាបាលអ្នកជំងឺ COVID-19 ជាសះស្បើយបានឆាប់រហ័សជាងវិធីព្យាបាលទូទៅ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏ធ្លាប់ប្រើប្រាស់ថ្នាំ Remdesivir ព្យាបាលកំឡុងលោកឆ្លង COVID-19 ផងដែរ។

ទោះជាយ៉ាង អង្គការ WHO ដោយផ្អែកលើការសិក្សាលើអ្នកជំងឺច្រើនជាង ១១,០០០នាក់ នៅក្នុងប្រទេសចំនួន ៣០ បានអះអាងថា ថ្នាំប្រឆាំងវីរុស Remdesivir របស់ក្រុមហ៊ុនអាមេរិក ជីលីដ (Gilead Sciences) មួយនេះ មិនអាចកាត់បន្ថយរយៈពេលនៃព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ឬក៏បង្កើនឱកាសខ្ពស់ក្នុងការរក្សាជីវិតអ្នកជំងឺឆ្លង COVID-19 ជាងថ្នាំព្យាបាលដទៃៗទៀតនោះឡើយ៕

 

ដកស្រង់ពី៖ Fresh News