Social Network

មហាយក្សចិនលើកទឹកចិត្តឲ្យពលរដ្ឋ «ប្រឹងបង្កើតកូនចៅបន្ថែមទៀត» ដើម្បីដោះស្រាយវិបត្តិ កំណើនមនុស្សមានវ័យចំណាស់

  (សៀងហៃ)៖ ប្រព័ន្ធផ្សព្វផ្សាយចិនបានរាយការណ៍ នៅថ្ងៃចន្ទនេះថា ប្រទេសចិនគ្រោងនឹងដាក់បញ្ចូលវិធានការណ៍ថ្មីៗ ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋរបស់ខ្លួន ឲ្យប្រឹងបង្កើតកូនចៅបន្ថែមទៀត នៅក្នុងផែនការថ្មីរយៈពេល ០៥ឆ្នាំរបស់ខ្លួន គិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដែលវាជាដំណោះស្រាយធំមួយ ឆ្លើយតបទៅលើកំណើនមនុស្សវ័យចំណាស់ យ៉ាងឆាប់រហ័សនៅក្នុងប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោកមួយនេះ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ប្រទេសចិននឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងគោលនយោបាយយ៉ាងទូលំទូលាយ ដើម្បីលើកទឹកចិត្តគូស្វាមីភរិយា ឱ្យមានកូនបន្ថែមទៀត។

អនុប្រធានសមាគមប្រជាជនចិន លោក យាន ស៊ីន Yuan Xin បានលើកឡើងថា «គោលនយោបាយប្រជាជន ដែលត្រូវដាក់បញ្ចូលបន្ថែមនេះនឹងត្រូវបានណែនាំ ដើម្បីលើកកម្ពស់ការបង្កើតកូនចៅ ព្រមទាំងគុណភាពនៃកម្លាំងពលកម្ម និងរចនាសម្ព័ន្ធប្រជាជនផងដែរ»។

ប្រទេសចិនធ្លាប់បានដាក់ចេញ គោលនយោបាយមួយ ដែលមានភាពចម្រូងចម្រាសកាលពីឆ្នាំ១៩៧៨ ដោយលើកឡើងថា កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចកំពុងត្រូវបានបំផ្លាញ ដោយកំណើនប្រជាជនយ៉ាងឆាប់រហ័ស ជាពិសេសនៅតាមទីជនបទ។

ប៉ុន្តែប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោកនេះ កាលពីឆ្នាំ២០១៦ បានសម្រេចចិត្តបន្ធូរបន្ថយការរឹតត្បិតនេះ និងអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនទី ២ ក្នុងគោលបំណងដោះស្រាយការកើនឡើងយ៉ាងឆាប់រហ័ស នៃប្រជាពលរដ្ឋវ័យចំណាស់ ក៏ដូចជាការធ្លាក់ចុះនៃកម្លាំងពលកម្មផងដែរ។ ចំនួនពលរដ្ឋនៅប្រទេសចិន ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅមានចំនួន ២៥៤លាននាក់គិតត្រឹមចុងឆ្នាំ២០១៩ ដែលស្មើនឹង ១៨.១ភាគរយ នៃចំនួនប្រជាជនសរុបជាង ១,៤៣០លាននាក់។

ចំនួនពលរដ្ឋវ័យចំណាស់នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ ៣០០លាននាក់នៅឆ្នាំ២០២៥ និង ៤០០លាននៅឆ្នាំ២០៣៥ ដែលនឹងដាក់សម្ពាធកាន់តែខ្លាំង ទៅលើប្រព័ន្ធគ្រប់គ្រងផ្នែកសុខាភិបាល និងសង្គម។ ចំណែកឯចំនួនពលរដ្ឋសកម្មស្ថិតក្នងវ័យធ្វើការ អាចនឹងថយចុះនៅត្រឹម ២០០លាននាក់នៅឆ្នាំ២០៥០ បើទោះបីជាមានការបន្ធូរបន្ថយ គោលនយោបាយគ្រួសារមួយកូនមួយ កាលពីឆ្នាំ២០១៦ក៏ដោយ។

គួរបញ្ជាក់ថា អ្នកជំនាញមកពីបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន លោក ចេង ពីងវិន (Zheng Bingwen) បានពន្យល់ថា «ដើម្បីដោះស្រាយកំណើនប្រជាពលរដ្ឋវ័យចំណាស់ គឺចាំបាច់ត្រូវមានវិធានការជាបន្ទាន់ ដើម្បីធ្វើកំណែទម្រង់គោលនយោបាយ អំពីផែនការគ្រួសាររបស់ប្រទេសយើង និងបញ្ហាលើផ្នែកបង្កកំណើត»៕

ដកស្រង់ពី៖ Fresh News