Social Network

WHO ទទួលបានការធានាពីប្រទេសចិន ដើម្បីស៊ើបរកប្រភពដើមនៃកូវីដ-១៩ សម្រាប់ដំណាក់កាលទី២

  (ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) អះអាងថា ស្ថាប័នអន្តរជាតិមួយនេះ បានទទួលការធានាពីប្រទេសចិន ដើម្បីបើកការស៊ើបអង្កេត រកប្រភពដើមនៃវីរុសកូរ៉ូណា (COVID-19) សម្រាប់ដំណាល់កាលទី ២ ដែលនឹងត្រូវរៀបចំឡើងក្នុងពេលឆាប់ៗ តាមដែលអាចធ្វើទៅបាន។

នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។ ក្រុមអ្នកស្រាវជ្រាវចិនបាននឹងកំពុងសិក្សា លើករណីរាយការណ៍ដំបូងបង្អស់ នៅឯផ្សារគ្រឿងសមុទ្រមួយកន្លែង ស្ថិតនៅកណ្តាលទីក្រុងវូហាន ប្រទេសចិន។

ក្រុមអ្នកជំនាញអន្តរជាតិត្រូវបានបង្កើតឡើង ដើម្បីបើកការសិក្សាក្នុងដំណាក់កាលទី ២ ប៉ុន្តែសហរដ្ឋអាមេរិក និងគណៈប្រតិភូអឺរ៉ុបមួយចំនួន បានបង្ហាញមន្ទិលជុំវិញការពន្យារពេល និងកាលបរិច្ឆទនៃដំណើរទស្សនកិច្ច របស់ក្រុមអ្នកជំនាញអន្តរជាតិ។

ជុំវិញបញ្ហាខាងលើនេះ អ្នកជំនាញផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក ម៉ៃខឺល រីយ៉ាន (Mike Ryan) បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយយ៉ាងដូច្នេះថា «យើងរំពឹងយ៉ាងមុតមាំថា យើងនឹងមានក្រុមអ្នកជំនាញនៅទីតាំងជាក់ស្តែង... ហើយយើងចាំបាច់ត្រូវសហការជាមួយអ្នកជំនាញចិន ដើម្បីត្រួតពិនិត្យលើ លទ្ធផលសិក្សាតំណាក់កាលទី ១ និងផ្ទៀងផ្ទាត់ទិន្នន័យទាំងនោះ»។

លោក Ryan បានបន្តទៀតថា ផ្សារគ្រឿងសមុទ្រនៅទីក្រុងវូហាន ទំនងជាចំណុចចាប់ផ្តើមនៃការចម្លង ប៉ុន្តែថាតើការឆ្លងរីករាលដាលដោយមនុស្ស សត្វ ឬបរិស្ថានបែបណា យើងនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ មន្ត្រីជាន់ខ្ពស់ WHO រូបនេះក៏បានលើកឡើងពីករណីឆ្លង ដែលត្រូវបានរាយការណ៍នៅមុនព្រឹត្តិការណ៍ នៅផ្សារលក់គ្រឿងសមុទ្រនោះផងដែរ។

លោក Ryan បានបន្ថែមទៀតថា យើងនឹងបន្តការស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានខែទៀត ទៅលើលទ្ធផលក្នុងដំណាក់កាលទី ១ ហើយយើងសង្ឃឹមថា នឹងបន្តទៅដំណាក់កាលទី ២ នាពេលអនាគត។

គួរបញ្ជាក់ថា ការស៊ើបអង្កេតរកប្រភពដើមនៃ COVID-19 មិនមែនត្រូវបានធ្វើឡើង តែនៅក្នុងប្រទេសចិននោះទេ ដោយប្រទេសមួយចំនួនទៀត ក៏បានធ្វើការស៊ើបអង្កេតដោយខ្លួនឯងផងដែរ។

កាលពីសប្តាហ៍មុននេះ ការសិក្សាស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា វីរុសកូរ៉ូណាប្រហែលជាមានវត្តមាន នៅក្នុងប្រទេសអ៉ីតាលី តាំងតែពីខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ ពោលគឺរយៈពេល ០៣ខែមុននឹងវីរុសនេះ ត្រូវបានរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន៕

ដកស្រង់ពី៖ Fresh News