Social Network

សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ២,០០០នាក់ស្លាប់ និងមនុស្សជាង ២១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ!

(វ៉ាស៊ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ២១៤,៦៨៣នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ១,៩៦៤នាក់ទៀតឯណោះបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។

នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៣,១៤៣,១៩៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៣៨៥,២៤៩នាក់ និងជាសះស្បើយឡើងសរុបចំនួន ១៣,៦៨០,៤៦១នាក់។

គួរបញ្ជាក់ថា ខណៈសហរដ្ឋអាមេរិកកំពុងបន្តការចាក់វ៉ាក់សាំង ទៅដល់បុគ្គលិកសុខាភិបាល និងប្រជាជនដែលប្រឈមមុខខ្លាំងបំផុតនោះ លោក ចូ បៃដិន ដែលនឹងត្រូវស្បថឡើងកាន់តំណែង ប្រធានាធិបតីអាមេរិក ជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ធ្លាប់បានលើកឡើងដែរថា លោកនឹងប្រើពេល ១០០ថ្ងៃ ដើម្បីទប់ទល់ការឆ្លងរាតត្បាតវីរុសកូរ៉ូណា ក្នុងនោះមានដូចជាការតម្រូវ ឲ្យពាក់ម៉ាសទូទាំងប្រទេសជាដើម៕

ដកស្រង់ពី៖ Fresh News