Social Network

គុណភាពខ្យល់នៅទូទាំងប្រទេសចិន មានភាពប្រសើរឡើងកាលពីឆ្នាំ២០២០

 (សៀងហៃ)៖ មិនថាតែនៅទូទាំងពិភពលោកឡើយ សូម្បីតែប្រទេសចិន ដែលជាជម្រុកនៃវិស័យឧស្សាហកម្មចម្បងៗ របស់ពិភពលោកនោះ ក៏បានមើលឃើញនូវភាពវិជ្ជមានខ្លះដែរ ពាក់ព័ន្ធនឹងគុណភាពខ្យល់ ខណៈទិន្នន័យកាលពីឆ្នាំ២០២០ បានបង្ហាញយ៉ាងច្បាស់ថា គុណភាពខ្យល់នៅទូទាំងប្រទេសចិន មានការវិវឌ្ឍទៅរកភាពល្អប្រសើរ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

យោងតាមទិន្នន័យពីក្រសួងអេកូឡូស៊ី និងបរិស្ថានចិន ដែលប្រមូលយកបានកាលពីឆ្នាំ២០២០ បានបង្ហាញថា កម្រិតខ្យល់ពុលបង្កគ្រោះថ្នាក់ដល់សុខភាព (ភាគល្អិតពុលក្នុងខ្យល់អាកាស ដែលអាចបង្កគ្រោះថ្នាក់ដល់សួត) នៅតាមបណ្តាទីក្រុងចំនួន ៣៣៧ទូទាំងប្រទេសចិន ជាមធ្យមបានធ្លាក់ចុះមកដល់អត្រា ៨.៣% ឬស្មើនឹង ៣៣មីក្រូក្រាមក្នុងមួយម៉ែត្រគូប ដែលកម្រិតសុវត្ថិភាពមួយមិនធ្លាប់មានឡើយ។

បន្ថែមពីនេះទៀត សម្រាប់ទីក្រុងដែលធ្លាប់រងការបំពុលខ្លាំងដូចជា រដ្ឋធានីប៉េកាំង និងទីក្រុងកំពង់ផែធានជីន (Tianjin) ព្រមទាំងខេត្ត ហឺប៉ី (Hebei) ផងដែរ កម្រិតធាតុពុលក្នុងខ្យល់បានធ្លាក់មកនៅ ១០.៥% ឬស្មើនឹង ៥១មីក្រូក្រាមក្នុងមួយម៉ែត្រគូប។

ទោះបីជាកម្រិតនេះ នៅខ្ពស់ជាងស្តង់ដាសុវត្ថិភាពខ្យល់របស់រដ្ឋ (៣៥មីក្រាមក្នុងមួយម៉ែត្រគូប) ក្តី ក៏អត្រានេះពិតជាបង្ហាញអំពីការធ្លាក់ចុះ មិនធ្លាប់មាននៅតំបន់ទាំងនោះ។

គួរបញ្ជាក់ថា មូលហេតុចម្បងដែលបានធ្វើឲ្យគុណភាពខ្យល់ នៅទូទាំងប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក បានប្រសើរឡើងវិញនោះ គឺគ្មានអ្វីក្រៅពីជំងឺរាតត្បាតសកល COVID-19 នោះឡើយ។

COVID-19 បានបង្ខំឲ្យចរាចរណ៍ភាគច្រើនត្រូវផ្អាក ខណៈសង្វាក់ផលិតកម្មមួយចំនួនក៏ត្រូវបានផ្អាកផងដែរ ដែលជាហេតុធ្វើឲ្យការបញ្ចេញសារធាតុពុល ពីសកម្មភាពមនុស្សទៅក្នុងបរិយាកាស មានការថយចុះខ្លាំង៕

ដកស្រង់ពី៖ Fresh News