(ញូដេលី)៖ អ្នកភូមិមួយក្រុមនៅក្នុងប្រទេសឥណ្ឌា បានប្រមូលផ្តុំគ្នារៀបចំពិធីអបអរសាទរជាថ្មីម្តងទៀតជូនដល់លោកស្រី ខាម៉ាឡា ហារីស (Kamala Harris) ដែលនឹងត្រូវស្បថចូលកាន់តំណែងជាអនុប្រធានាធីបតីថ្មីនៃសហរដ្ឋអាមេរិក។
នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២១។ មូលហេតុដែលនាំឲ្យមានការសាទរពីសំណាក់ប្រជាជនឥណ្ឌាបែបនេះ គឺដោយសារតែលោកស្រី Harris មានជាប់ខ្សែស្រឡាយនឹងឥណ្ឌា។
ភូមិខាងលើមានឈ្មោះថា ធូឡាសិនដ្រាពូរ៉ាម (Thulasendrapuram) ដែលស្ថិតក្នុងរដ្ឋតាមិលណាឌូ (Tamil Nadu) នៃប្រទេសឥណ្ឌា គឺជាស្រុកកំណើតរបស់ជីតាលោកស្រី Harris។ម្តាយរបស់លោកស្រី ក៏បានកើតនៅលើទឹកដីឥណ្ឌាផងដែរ មុនពេលផ្លាស់ទៅសហរដ្ឋអាមេរិក ដើម្បីសិក្សានៅសាកលវិទ្យាល័យរដ្ឋកាលីហ្វរញ៉ា (University of California)។
ក្រោយមកម្តាយលោកស្រី បានរៀបការជាមួយបុរសជនជាតិហ្សាម៉ាអ៉ីកម្នាក់ (Jamaica) ហើយបានដាក់ឈ្មោះឲ្យកូនស្រីច្បងរបស់អ្នកទាំងពីរ គឺលោកស្រី Harris ថា ខាម៉ាឡា ដែលជាពាក្យសំស្ក្រឹតមានន័យថា ផ្កាឈូក។
មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ អ្នករស់នៅក្នុងភូមិ ធូឡាសិនដ្រាពូរ៉ាម ក៏បានប្រារព្ធពិធីអបអរនិងជូនពរលោកស្រី Harris ផងដែរ ហើយពេលលោកស្រី និងលោក ចូ បៃដិន ឈ្នះឆ្នោត ក៏មាន ការរៀបចំពិធីសាទរដូចគ្នានៅភូមិនេះ។ ឥឡូវមុនពេលដែលលោកស្រីត្រូវស្បថចូលកាន់តំណែងជាផ្លូវការ ពួកគេក៏បានសម្តែងការរីករាយនិងជូនពរលោកស្រីដូចគ្នា។
គួរបញ្ជាក់ថា លោកស្រី Kamala Harris នឹងបង្កើតជាប្រវត្តិសាស្រ្ត តាមរយៈការក្លាយជាអនុប្រធានាធិបតីអាមេរិកដំបូងបំផុត ដែលជាស្រ្តី ហើយជាស្រ្តីស្បែកខ្មៅថែមទៀត និងមានពូជពង្សមកពីតំបន់អាស៉ីខាងត្បូង។ លោកស្រីនឹងត្រូវស្បថចូលកាន់តំណែង ជាមួយលោក បៃដិន នៅថ្ងៃពុធ ទី២០ ខែមករានេះ (ពេលវេលានៅសហរដ្ឋអាមេរិក)៕
ដកស្រង់ពី៖ Fresh News