Social Network

នាយករដ្ឋមន្ត្រីថ្មីរបស់អ៉ីតាលី ទទួលការបោះឆ្នោតផ្តល់ទំនុកចិត្តពីព្រឹទ្ធសភា, បញ្ហាអាទិភាពដែលត្រូវដោះស្រាយ គឺជំងឺរាតត្បាតសកល

 (រ៉ូម)៖ នាយករដ្ឋមន្ត្រីអ៉ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) ដែលបានស្បថចូលកាន់តំណែងជាផ្លូវការ កាលពីពេលថ្មីៗនេះ ទើបតែបានទទួលការបោះឆ្នោតផ្តល់ទំនុកចិត្ត ពីសំណាក់ព្រឹទ្ធសភា នៃប្រទេសអឺរ៉ុបមួយនេះបន្ថែមទៀត។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១។ ការបោះឆ្នោតផ្តល់ទំនុកចិត្តទៅលើលោក Draghi ត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃពុធ ដោយក្នុងនោះសមាជិកព្រឹទ្ធសភា ២៦២រូបបានបោះឆ្នោតគាំទ្រ, ៤០រូបប្រឆាំង និង ០២រូបទៀតអវត្តមាន។

បន្ទាប់ពីការបោះឆ្នោត បានផ្តល់ទំនុកចិត្តខ្ពស់បែបនេះ លោកនាយករដ្ឋមន្ត្រី Draghi បានលើកឡើងថា «កាតព្វកិច្ចចម្បង ដែលយើងត្រូវបំពេញនោះ គឺការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ វីរុសនេះ គឺជាសត្រូវរបស់មនុស្សគ្រប់គ្នា»។

គួរបញ្ជាក់ថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល G20 សម្រាប់ឆ្នាំ២០២១នេះ ប្រទេសអ៉ីតាលីបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការលើកស្ទួយការអភិវឌ្ឍបៃតង និងប្រកបដោយចីរភាពសម្រាប់គ្រប់គ្នា ដើម្បីធ្វើឲ្យពិភពលោកមានភាពប្រសើរឡើងវិញ នៅក្រោយការរាតត្បាតយ៉ាងគំហុកនៃ COVID-19។

លោក Mario Draghi វ័យ ៧៣ឆ្នាំ គឺជាអ្នកជំនាញផ្នែកសេដ្ឋកិច្ចដ៏ល្បីឈ្មោះ នៅក្នុងប្រទេសអ៉ីស្រាលី និងធ្លាប់កាន់តំណែងជាប្រធានធនាគារកណ្តាលអឺរ៉ុប ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៩ ផងដែរ។

លោក Mario Draghi បានបង្កើតរដ្ឋាភិបាលថ្មី ក្រោយទទួលបានការគាំទ្រ ពីគណបក្សធំៗទាំងពីរនៅក្នុងសភាអ៉ីតាលី និងបានស្បថចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១៕

ដកស្រង់ពី៖ Fresh News