Social Network

វ៉ាក់សាំងក្រុមហ៊ុនអាមេរិក Johnson & Johnson តម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ, FDA ត្រៀមទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាព

  (វ៉ាស៊ីនតោន)៖ ឯកសារមួយដែលចេញផ្សាយដោយ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA)កាលពីថ្ងៃពុធសប្តាហ៍នេះបានបង្ហាញថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតឡើងដោយក្រុមហ៊ុន Johnson & Johnson គឺមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់រហូតដល់ទៅ «៨៦ភាគរយ» ក្នុងប្រយុទ្ធប្រឆាំងនឹងវីរុស ខណៈវាតម្រូវឲ្យចាក់តែមួយដូសប៉ុណ្ណោះ មិនមែនពីរដូសវ៉ាក់សាំងភាគច្រើនឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន NBC News នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ លទ្ធផលល្អនេះត្រូវបានប្រកាសចេញពីរថ្ងៃ មុនពេលក្រុមប្រឹក្សាអ្នកឯករាជ្យ នៃរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) គ្រោងនឹងពិភាក្សាគ្នាជុំវិញការដាក់ពាក្យស្នើសុំដោយក្រុមហ៊ុន Johnson & Johnson សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់។ ពួកគេរំពឹងថា គណៈកម្មាធិការត្រួតពិនិត្យវ៉ាក់សាំង នឹងបោះឆ្នោតគាំទ្រលើសំណើនេះ។

លោក ចន ហ្គ្រាប៊ិនស្ទែន (John Grabenstein) ជាអតីតនាយកប្រតិបត្តិកិច្ចការវេជ្ជសាស្រ្ត នៃក្រុមហ៊ុនផលិតឱសថ Merck និងជាអតីតអ្នកជំនាញផ្នែកបង្ការរោគ របស់ក្រសួងការពារជាតិអាមេរិកបាននិយាយថា រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបាននិយាយថា វ៉ាក់សាំងនេះមានទម្រង់សុវត្ថិភាពល្អ ដោយមិនមានការព្រួយបារម្ភ អំពីសុវត្ថិភាពជាក់លាក់ណាមួយ ដែលអាចរារាំងការចេញអាជ្ញាប័ណ្ណ ឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់នោះឡើយ។

ចំណែកលោក ចេហ្វ ហ្ស៊ីនស៍ (Jeff Zients) ដែលជាអ្នកសម្របសម្រួលបញ្ហា COVID-19 របស់រដ្ឋបាលលោក ចូ បៃឌិន បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃពុធសប្តាហ៍នេះយ៉ាងដូច្នេះថា «ប្រសិនបើមានការអនុញ្ញាត យើងត្រៀមនឹងចាប់ផ្តើមចាក់វ៉ាក់សាំងនេះ ដោយគ្មានការពន្យារពេលឡើយ»។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ ក្រុមហ៊ុនផលិតវ៉ាក់សាំង Covid-19 ចំនួន ០៥ ក្នុងនោះរួមមានទាំងក្រុមហ៊ុន Johnson & Johnson ផងដែរ បានប្រាប់ទៅសភាអាមេរិកថា ពួកគេកំពុងធ្វើការបង្កើនចំនួនដូស ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News