Social Network

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

 (បាងកក)៖ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃចន្ទនេះ បានរាយការណ៍ពីការរកឃើញនូវករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨០ករណីបន្ថែមទៀត។

នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី០១ ខែមិនា ឆ្នាំ២០២១។

បើតាម CCSA ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៦៤ករណី ជាករណីឆ្លងក្នុងស្រុក ក្នុងនោះរួមមាន ៣៥ករណី ត្រូវបានរកឃើញនៅក្នុងខេត្ត ផាធុម ថានី (Pathum Thani), ១៩ករណី នៅក្នុងខេត្ត សាមុត សាខន (Samut Sakhon), ០៣ករណី នៅក្នុងខេត្ត តាក (Tak), ០២ករណី នៅក្នុងទីក្រុង បាងកក (Bankok), ០២ករណី នៅក្នុងខេត្ត (Nakhon Pathum), ០១ករណី នៅក្នុងខេត្ត នុនថាបុរី (Nonthaburi), ០១ករណី នៅក្នុងខេត្ត ឈុនបុរី (Chonburi), និង ០១ករណីទៀត នៅក្នុងខេត្ត រ៉ាត់ឆាបុរី (Ratchaburi)។ ចំណែកឯ ១៦ករណីផ្សេងទៀត ជាករណីនាំចូលត្រូវបានរកឃើញនៅលើ អ្នកដំណើរដែលបានវិលត្រឡប់មកពីបរទេសវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ២៦,០៣១ករណី ក្នុងនោះមានអ្នកស្លាប់ ៨៣នាក់ និងអ្នកជាសះស្បើយសរុប ២៥,៣២៤នាក់។ ថៃក៏ទើបបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 កាលពីថ្ងៃអាទិត្យផងដែរ ជាមួយវ៉ាក់សាំងចិន Sinovac៕

ដកស្រង់ពី៖ Fresh News