Social Network

ក្រុមហ៊ុនអាកាសចរណ៍ Qatar ធ្វើប្រតិបត្តិការហោះហើរដែលទទួលការចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងគេរបស់ពិភពលោក

ជើងហោះហើរ ដែលបានចាក់វ៉ាក់សាំងការពារ COVID-19 ពេញលេញដំបូងបង្អស់នៅលើពិភពលោក បានហោះទៅលើមេឃកាលពីថ្ងៃអង្គារ ដោយដឹកតែអ្នកដំណើរ និងសមាជិកនាវិក ដែលបានចាក់វ៉ាក់សាំងហើយតែប៉ុណ្ណោះ។

ក្រុមហ៊ុនអាកាសចរណ៍នេះ បានប្រកាសនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ខ្លួនថា អ្នកដំណើរ ដែលត្រូវធ្វើដំណើរតាម Qatar Airways QR6421 ក៏ត្រូវបានផ្តល់សេវាកម្មដោយបុគ្គលិក ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងពេញលេញផងដែរ នាកន្លែងចុះឈ្មោះ check-in ។

ក្រុមហ៊ុនអាកាសចរណ៍ Qatar បាននិយាយថា ការហោះហើរនេះ នឹងមានវិធានការសុវត្ថិភាពនិងអនាម័យផ្សេងៗគ្នានៅនឹងកន្លែង ក្នុងនោះមានទាំងបច្ចេកវិទ្យាកម្សាន្តតាមជើងហោះហើរ “ Zero-Touch” ផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍ បានបន្ថែមទៀតថា ការហោះហើររបស់ Airbus A350-1000 ក៏មានការកម្ចាស់សារធាតុកាបោនយ៉ាងពេញលេញផងដែរ។ លោក Akbar Al Baker នាយកប្រតិបត្តិក្រុមហ៊ុន Qatar Airways Group បានមានប្រសាសន៍ថា ការហោះហើរនេះ បង្ហាញថា “ដំណាក់កាលបន្ទាប់” នៅក្នុងការងើបឡើងវិញនៃការធ្វើដំណើរអន្តរជាតិ គឺនៅមិនឆ្ងាយទេ។

ក្រុមហ៊ុនអាកាសចរណ៍ ក៏បានប្រកាសផងដែរថា នេះជាលើកទីមួយនៅមជ្ឈឹមបូព៌ា ដែលបានសាកល្បងលិខិតធ្វើដំណើររបស់សមាគមន៍ដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ។ លិខិតធ្វើដំណើរ គឺជាកម្មវិធីទូរស័ព្ទមួយ ដែលអ្នកដំណើរអាចប្រើ ដើម្បីទទួល និងរក្សាទុកលទ្ធផលតេស្ត៍ COVID-19 របស់ពួកគេ ពីមន្ទីរពិសោធន៍ ដែលមានការទទួលស្គាល់ នេះបើតាមការផ្សាយរបស់ CNA កាលពីថ្ងៃអង្គារ៍។