Social Network

លោក ចូ បៃដិន ទើបចុះហត្ថលេខាលើបទបញ្ជាមួយ ដែលតម្រូវឲ្យអ្នកធ្វើដំណើរមកកាន់អាមេរិក គឺជាអ្នកដែលបានចាក់វ៉ាក់សាំង, ប៉ុន្តែមានករណីលើកលែងខ្លះ (Video inside)

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាមួយ ដោយតម្រូវអ្នកដំណើរមកពីបរទេសទាំងអស់ ត្រូវតែចាក់វ៉ាក់សាំងបង្ការ COVID-19 មុននឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរ ចូលមកក្នុងសហរដ្ឋអាមេរិក លើកលែងកុមារមានអាយុក្រោម ១៨ឆ្នាំ និងអ្នកមានបញ្ហាសុខភាព។

 

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១។ សេចក្ដីថ្លែងការណ៍ពីសេតវិមានបានឱ្យដឹងទៀតថា លោកប្រធានាធិបតី ចូ បៃដិន ក៏បានលុបចោលការរឹតត្បិតការធ្វើដំណើរដ៏តឹងរ៉ឹង លើអ្នកដំណើរមកពីប្រទេសចិន, ឥណ្ឌា និងបណ្ដាប្រទេសអឺរ៉ុបផងដែរ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះតទៅ។

សេតវិមានបានបញ្ជាក់ដូច្នេះថា «វាជាប្រយោជន៍របស់សហរដ្ឋអាមេរិក ក្នុងការលុបចោលវិធានការរឹតត្បិតលើការធ្វើដំណើរ ដែលត្រូវបានអនុវត្តអំឡុងការឆ្លងរាតត្បាត COVID-19 និងអនុម័តគោលការណ៍ធ្វើដំណើរ តាមផ្លូវអាកាសថ្មីមួយ ដែលតម្រូវឱ្យអ្នកដំណើរបរទេស ចាក់វ៉ាក់សាំងបង្ការដើម្បីធានាសុវត្ថិភាព នៃការបើកឱ្យដំណើរការឡើងវិញ នូវការធ្វើដំណើរអន្តរជាតិតាមផ្លូវអាកាស មកកាន់សហរដ្ឋអាមេរិក»។

គួរបញ្ជាក់ថា សេតវិមានធ្លាប់បានបង្ហើបម្ដងរួចមកហើយ កាលពីថ្ងៃទី២០ ខែកញ្ញាកន្លងទៅថា ខ្លួននឹងលុបចោលការរឹតត្បិតការធ្វើដំណើរ ចាប់ពីដើមខែវិច្ឆិកាខាងមុខនេះតទៅ សម្រាប់អ្នកដំណើរទាំងឡាយណា ដែលទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូសមកពីប្រទេសចំនួន ៣៣៕

ដកស្រង់ពី៖ Fresh News