Social Network

ចំណេះដឹងទូទៅ៖ នៅលើផែនដី មានកន្លែងមួយដែលគ្មានភ្លៀងធ្លាក់ជាង ២លានឆ្នាំមកហើយ

 (ពិភពលោក)៖ តើអ្នកដឹងទេថានៅលើភពផែនដីយើងនេះ មានកន្លែងខ្លះគឺគ្មានភ្លៀងធ្លាក់អស់រយៈពេលជាង ២ លានឆ្នាំមកហើយ តែសូមបញ្ជាក់ជាមុនថា កន្លែងដែលគ្មានភ្លៀងធ្លាក់នេះ មិនមែននៅវាលខ្សាច់ ឬកណ្ដាលមហាសមុទ្រនោះឡើយ គឺវាស្ថិតនៅតំបន់ប៉ូលខាងត្បូង នៃទ្វីបអង់តាក់ទិក។

banner តាមលក្ខណៈបច្ចេកទេស និយមន័យនៃពាក្យថា «វាលខ្សាច់» គឺជាតំបន់ដែលទទួលទឹកភ្លៀងក្នុងកម្រិតទាបបំផុត គឺក្រោម ២៥.៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ រីឯសមុទ្រខ្សាច់សាហារ៉ាទទួលបានទឹកភ្លៀងមិនដល់ ២.៥៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំនោះទេ។ បរិមាណទឹកភ្លៀងជាមធ្យមក្នុងទ្វីបអង់តាក់ទិក ក៏មិនខុសគ្នាប៉ុន្មានដែរ តែមានផ្ទៃដីប្រមាណ ២% នៃទ្វីបនេះ គឺគ្មានទឹកកក និងព្រិលឡើយ ហើយថែមទាំងគ្មានភ្លៀងធ្លាក់សូម្បីតែបន្តិច។

តំបន់នេះគេហៅថា «ជ្រលងភ្នំស្ងួត ឬ ដ្រាយវ៉ាល់ឡេ (Dry Valley)»។ ទីកន្លែងស្ងួតបំផុតលើពិភពលោក បន្ទាប់ពីជ្រលងភ្នំស្ងួត គឺនៅវាលខ្សាច់អាតាកាម៉ា នៃប្រទេសឈីលី ដែលមានផ្ទៃដីខ្លះគ្មានភ្លៀងធ្លាក់ជិត ២០០ឆ្នាំមកហើយ រីឯបរិមាណទឹកភ្លៀងជាមធ្យមក្នុងមួយឆ្នាំ ក៏តិចជាង ០.០១ សង់ទីម៉ែត្រដែរ ដូច្នេះបើប្រៀបធៀបនឹងសមុទ្រខ្សាច់ទាំងអស់នោះ វាទទួលបានតំណែងជាសមុទ្រខ្សាច់ដ៏ស្ងួតបំផុតលើពិភពលោក ឬអាចនិយាយបានថា ស្ងួតជាងវាលខ្សាច់សាហារ៉ាដល់ទៅ ២៥៤ ដងឯណោះ។

ទ្វីបអង់តាក់ទិក មិនត្រឹមតែជាកន្លែងដែលស្ងួតបំផុតលើពិភពលោកប៉ុណ្ណោះទេ វាក៏ជាកន្លែងដែលមានទឹកច្រើន និងមានខ្យល់បក់ខ្លាំងបំផុតលើពិភពលោកផងដែរ។ អ្នកនឹងបានឃើញទឹកសាប ៧០% នៃពិភពលោក ស្តុកទុកនៅទីនោះ ក្នុងរូបរាងជាទឹកកក ឯល្បឿនខ្យល់ក៏ខ្លាំងបំផុតតាមដែលធ្លាប់កត់ត្រាមកដែរ។

លក្ខណៈពិសេសរបស់ជ្រលងភ្នំស្ងួតក្នុងទ្វីបអង់តាក់ទិក កើតឡើងដោយសារតែខ្យល់បក់ពីភ្នំកាតាបាទិក។ បាតុភូតនេះកើតមានឡើងនៅពេលខ្យល់ត្រជាក់ ហើយក្រាស់ឃ្មឹកបក់ពីលើភ្នំដោយឥទ្ធិពលនៃទំនាញផែនដី។

ខ្យល់នេះអាចមានល្បឿនរហូតដល់ ៣២២ គីឡូម៉ែត្រក្នុងមួយម៉ោង ធ្វើឱ្យសំណើមទាំងឡាយមិនថាស្ថិតក្នុងសភាពជាទឹក ទឹកកក ឬព្រិលនោះឡើយ គឺតែងតែត្រូវហួតហែងទាល់តែអស់ជាប់ជានិច្ច៕

ដកស្រង់ពី៖ Fresh News