Social Network

ប្រទេសឡាវ ផ្តល់ពរជ័យតាមបែបព្រះពុទ្ធសាសនាដល់ខ្សែរថភ្លើងល្បឿនលឿនថ្មីរបស់ខ្លួន

ប្រទេសឡាវ បានរៀបចំពិធីព្រះពុទ្ធសាសនាកាលពីថ្ងៃព្រហស្បតិ៍-ម្សិលមិញនេះ ដើម្បីប្រទានពរដល់ខ្សែរថភ្លើងល្បឿនលឿនថ្មីរបស់ខ្លួន ដែលមានតម្លៃ 6 ពាន់លានដុល្លារ ដែលជាគំនិតផ្តួចផ្តើមដឹកនាំដោយប្រទេសចិន ដែលបង្ហាញពីការលោតផ្លោះដ៏ធំបំផុតមួយ ឆ្ពោះទៅរកទំនើបកម្មដោយប្រទេស ដែលមានការអភិវឌ្ឍន៍តិចតួចបំផុតរបស់អាស៊ីមួយនេះ។

ផ្លូវដែកនេះ តភ្ជាប់ពីទីក្រុង Kunming ភាគអាគ្នេយ៍របស់ប្រទេសចិន ទៅកាន់រដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ដែលលាតសន្ធឹងជាង 1,000 គីឡូម៉ែត្រ និងឆ្លងកាត់ជួរភ្នំ និងប្រព័ន្ធទឹកជាច្រើន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋឡាវ KPL បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល ក្នុងការបំប្លែងប្រទេសឡាវ "ពីប្រទេសដែលគ្មានផ្លូវគោកទៅជាប្រទេសដែលមានដីជាប់គ្នា"។

ខ្សែរថភ្លើង ដែលចិនសង្ឃឹមថា នៅទីបំផុតនឹងពង្រីកដល់ប្រទេសសិង្ហបុរី គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដ៏មានមហិច្ឆតារបស់ខ្លួន។ នាថ្ងៃបុណ្យជាតិឡាវកាលពីថ្ងៃព្រហស្បតិ៍ ព្រះសង្ឃពុទ្ធសាសនា បានសូត្រធម៌នៅវេទិកាផ្លូវរថភ្លើងថ្មី ហើយបានប្រសិទ្ធិពរជ័យដល់ក្បាលរថភ្លើងដោយប្រោះព្រំទឹក និងសញ្ញាសម្គាល់សំណាងល្អ មុនការបើកជាផ្លូវការនៅថ្ងៃសុក្រនេះ។

ជាមួយនឹងប្រជាជនចំនួន 7 លាននាក់ និងផលិតផលក្នុងស្រុកសរុបត្រឹមតែ 18 ពាន់លានដុល្លារក្នុងឆ្នាំ 2019 ឡាវកុម្មុយនិស្ត គឺជាប្រទេសក្រីក្របំផុតមួយរបស់អាស៊ី។ អ្នកសេដ្ឋកិច្ច បានព្រមានថា គម្រោងផ្លូវដែកនេះ អាចធ្វើអោយស្មុគស្មាញដល់បញ្ហាប្រឈមរបស់ខ្លួន ក្នុងការសងបំណុលខាងក្រៅ ដែលភាគច្រើននៃបំណុលនោះ គឺទៅប្រទេសចិន។

ប្រទេសចិន កាន់កាប់ភាគហ៊ុន 70 ភាគរយនៅក្នុងក្រុមហ៊ុនបណ្តាក់ទុនផ្លូវដែករួមគ្នា ដែលបានបង្កើតឡើងក្នុងឆ្នាំ 2015 ។ ការវិនិយោគសរុប មានចំនួន 50.55 ពាន់លានយន់ (7.93 ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមអត្ថបទមួយរបស់គេហទំព័រ Belt and Road Portal របស់ប្រទេសចិន កាលពីដើមឆ្នាំនេះ តែសារព័ត៌មានរដ្ឋឡាវ KPL ដាក់តម្លៃត្រឹមតែ $5.98 ពាន់លានដុល្លារ នេះបើតាមការផ្សាយរបស់ CNA/Reuters នៅព្រឹកថ្ងៃសុក្រនេះ។