Social Network

ការតវ៉ាប្រឆាំងនឹងការរឹតបន្តឹងជំងឺកូវីដ-១៩ ក្លាយជាហិង្សានៅទីក្រុងព្រុចសែល

 ប៉ូលិស បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងប្រើប្រាស់កាណុងបាញ់ទឹក កាលពីថ្ងៃអាទិត្យ (ទី៥ ខែធ្នូ) ដើម្បីបំបែកក្រុមបាតុករដែលគប់ដុំថ្ម និងកាំជ្រួច ខណៈដែលបាតុកម្មនៅទីក្រុងប្រ៊ុចសែល ជុំវិញការរឹតត្បិត COVID-19 របស់រដ្ឋាភិបាល បានប្រែក្លាយជាហិង្សា។

បាតុករពីរ-បីពាន់នាក់ បានដើរហែរក្បួនដោយសន្តិវិធី កាត់តំបន់កណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក ទៅកាន់សង្កាត់ ដែលជាកន្លែងស្នាក់ការកណ្តាលរបស់ស្ថាប័នសហភាពអឺរ៉ុប ជាកន្លែងដែលបាតុកម្ម ឈានដល់ចំណុចបញ្ចប់។

នៅក្នុងសង្កាត់សហភាពអឺរ៉ុប ក្រុមបាតុករពាក់ឈ្នូតខ្មៅ ហើយស្រែកថា "សេរីភាព" បានចាប់ផ្តើមគប់ដុំថ្មទៅលើប៉ូលីស ដែលបានប្រតិកម្មជាមួយនឹងឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នេះបើតាមការផ្សាយរបស់អ្នកកាសែត Reuters ដែលមានវត្តមាននៅកន្លែងកើតហេតុ។

បាតុករ កំពុងតវ៉ានឹងច្បាប់ ដែលដាក់ចេញក្នុងខែតុលា ដែលតម្រូវឱ្យមនុស្សបង្ហាញប័ណ្ណ COVID-19 ដើម្បីចូលទៅកាន់បារ និងភោជនីយដ្ឋាន។ "នោះជាការរើសអើងទាំងអស់ ដូច្នេះយើងត្រូវប្រយុទ្ធតតាំង។ យើងមិនចង់បានរបបផ្តាច់ការទេ" នេះជាសំដីក្រុមអ្នកតវ៉ាម្នាក់ ដែលជាគ្រូក្បាច់គុន។

ការតវ៉ានេះ កើតមានបន្ទាប់ពីវិធានការថ្មី ដែលបានប្រកាសកាលពីថ្ងៃសុក្រ ដើម្បីទប់ស្កាត់អត្រាឆ្លងខ្ពស់បំផុតមួយរបស់អឺរ៉ុប រួមទាំងការពាក់ម៉ាសជាចាំបាច់សម្រាប់កុមារបឋមសិក្សា និងការពន្យាពេលនៃថ្ងៃវិស្សមកាលសាលារៀន។

កាលពីចុងខែវិច្ឆិកា ក្រុមបាតុករកាន់តែច្រើន បានប៉ះទង្គិចគ្នាយ៉ាងហិង្សាជាមួយប៉ូលិសក្នុងក្រុងព្រុចសែល។ នោះ នាំឱ្យមានការចាប់ខ្លួនមនុស្សរាប់សិបនាក់ រងរបួសក្នុងចំណោមមន្ត្រីប៉ូលីស និងការខូចខាតទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ។