Social Network

របបយោធាមីយ៉ាន់ម៉ា នឹងបើកព្រំដែនទទួលភ្ញៀវទេសចរឡើងវិញ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី 12 ឧសភាថា របបយោធារបស់ប្រទេសមីយ៉ាន់ម៉ា នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរ ដាក់ពាក្យសុំ e-Visa ចាប់ពីថ្ងៃ១៥ ឧសភានេះតទៅ បន្ទាប់ពីការសម្រាករយៈពេលជាង 2 ឆ្នាំ ។

ប្រទេសនេះ បានបិទព្រំដែនរបស់ខ្លួនមិនទទួលភ្ញៀវទេសចរនៅក្នុងខែមីនាឆ្នាំ 2020 នៅដើមដំបូងនៃការរាតត្បាតមេរោគឆ្លង ក្នុងការប៉ុនប៉ងការពារការឆ្លង កើនឡើង។

ប្រទេសនេះ ត្រូវបានឯកោបន្ថែមទៀត បន្ទាប់ពីយោធា បានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី Aung San Suu Kyi ក្នុងខែកុម្ភៈ ឆ្នាំ 2021 ដែលបង្កឱ្យមានការតវ៉ាដ៏ធំ និងការបង្រ្កាបដោយយោធាយ៉ាងបង្ហូរឈាមមកលើអ្នកប្រឆាំង។

ការប្រកាសផ្តល់ទិដ្ឋាការនេះ បង្កឲ្យមានការអំពាវនាវពីក្រុមសកម្មជន ឲ្យអ្នកដំណើរបរទេស ទាំងអស់ ដែលចង់មកទស្សនា ចេញឆ្ងាយពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយបានព្រមានថា ផលប្រយោជន៍របស់យោធានៅក្នុងផ្នែកនៃសេដ្ឋកិច្ច រួមទាំងរ៉ែ ធនាគារ ប្រេង កសិកម្ម និងទេសចរណ៍ មានន័យថា ប្រាក់ដុល្លារទេសចរណ៍ ទំនងជានឹងបញ្ចប់នៅក្នុងទ្រព្យសម្បត្តិរបស់របបយោធា មិនខាន។

បន្ទាប់ពីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2011 ក្រោយការគ្រប់គ្រងដោយយោធាជាច្រើនទស្សវត្សរ៍មក ប្រទេសមីយ៉ាន់ម៉ា បានបើកទ្វារទទួលភ្ញៀវទេសចរណ៍ ហើយបានក្លាយជាការពេញនិយមរបស់ទេសចរ។

ប៉ុន្តែវិស័យទេសចរណ៍ ត្រូវបានវាយលុកដោយជំងឺរាតត្បាត ដោយប្រទេសនេះ បានចុះបញ្ជីករណីឆ្លង COVID-19 ប្រចាំថ្ងៃចំនួន 40,000 នាក់ នៅកម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន និងមានអ្នកស្លាប់សរុបជិត 20,000 នាក់ នេះបើតាមការផ្សាយរបស់ AFP កាលពីយប់ថ្ងៃព្រហ.។