Social Network

ប៉ាឡេស្ទីន ទាត់ចោលលទ្ធផលស៉ើបអង្កេតរបស់អាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera

 (រ៉ាម៉ាឡា)៖ អាជ្ញាធរប៉ាឡេស្ទីន នៅថ្ងៃចន្ទសប្តាហ៍នេះ បានច្រានចោលលទ្ធផលនៃការស៉ើបអង្កេត ដែលចូលរួមដោយក្រុមអ្នកជំនាញអាមេរិក ជុំវិញករណីបាញ់សម្លាប់អ្នកកាសែត Al Jazeera ម្នាក់ កាលពីខែឧសភាកន្លងទៅ។

នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានចិនស៉ីនហួ (Xinhua) នៅថ្ងៃអង្គារ ទី៥ ខែកក្កដា ឆ្នាំ២០២២។ នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យប្រធានាធិបតីប៉ាឡេស្ទីន គឺលោក ណាប៊ីល អាប៊ូ រូដេណេហ៍ (Nabil Abu Rudeineh) បានគូសបញ្ជាក់ថា «ភាគីប៉ាឡេស្ទីននឹងធ្វើឲ្យអ៉ីស្រាអែលទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់របស់លោកស្រី អាប៊ូ អាក់ឡេ (Abu Akleh)» និងបានអំពាវនាវឲ្យសហរដ្ឋអាមេរិក «រក្សាភាពដែលអាចគួរឱ្យជឿជាក់បានរបស់ខ្លួន»។

អ្នកនាំពាក្យរូបនោះ បានបន្តថា «យើងនឹងបន្តសំណុំរឿងនៃការធ្វើឃាតលោកស្រី Abu Akleh នៅឯតុលាការអន្តរជាតិ ជាពិសេសនៅចំពោះមុខតុលាការព្រហ្មទណ្ឌអន្តរជាតិ»។

គួរបញ្ជាក់ថា ក្រោយការធ្វើតេស្តលើគ្រាប់កាំភ្លើង ដែលបានបាញ់សម្លាប់ លោកស្រី Abu Akleh ជាពលរដ្ឋអាមេរិកដើមកំណើតប៉ាឡេស្ទីន ដែលប្រព្រឹត្តទៅក្រោមវត្តមានក្រុមអ្នកជំនាញមកពីអាមេរិក លទ្ធផលបានបង្ហាញថា ការបាញ់ប្រហារមកពីខាងអ៉ីស្រាអែល ទំនងជាមូលហេតុដែលបណ្តាលឱ្យលោកស្រី Abu Akleh បាត់បង់ជីវិត ប៉ុន្តែមិនមានការរកឃើញថា ការបាញ់សម្លាប់នេះគឺជា ទង្វើដោយចេតនារបស់អ៉ីស្រាអែលនោះទេ៕

កដស្រង់ពី៖ Fresh News