Social Network

រលកកម្ដៅ ជិតឈានមកដល់ភាគខាងជើងប្រទេសចិន

រលកកំដៅ ត្រូវបានគេព្យាករណ៍ថា នឹងមកដល់ភាគខាងជើងប្រទេសចិន ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដោយមនុស្សជាង 250 លាននាក់ រំពឹងនឹងជួបបញ្ហាជាមួយនឹងសីតុណ្ហភាពលើសពី 40 អង្សាសេ នៅក្នុងតំបន់មួយចំនួន។

លោក Fang Xiang អនុប្រធានមជ្ឈមណ្ឌលឧតុនិយមជាតិ បាននិយាយថា សម្រាប់រយៈពេលពី 4 ទៅ 6 ថ្ងៃ តំបន់ Xinjiang ម៉ុងហ្គោលីខាងក្នុង និង Ningxia និងខេត្ត Hebei Henan Gansu និង Shaanxi នឹងឃើញសីតុណ្ហភាពលើសពី 40 អង្សាសេ។

គិតត្រឹមម៉ោង 5.40 នាទីល្ងាចម៉ោងក្នុងស្រុក មជ្ឈមណ្ឌលឧតុនិយម បានចេញការជូនដំណឹងអំពីរលកកម្ដៅចំនួន 184 នៅទូទាំងភាគខាងជើង ភាគពាយ័ព្យ និងភាគនិរតីនៃប្រទេសចិន។ ប្រទេសចិន បានប្រឈមមុខនឹងអាកាសធាតុផ្ទុយគ្នាយ៉ាងខ្លាំងនៅរដូវក្តៅនេះ ជាមួយនឹងរលកកំដៅនៅភាគខាងជើង និងភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅភាគខាងត្បូង។

រដ្ឋាភិបាលបានបន្ទោសការប្រែប្រួលអាកាសធាតុ ដែលខ្លួននិយាយថា នឹងប៉ះពាល់ខ្លាំងឡើងដល់សេដ្ឋកិច្ច និងសង្គម។ កាលពីខែមិថុនា រលកកម្តៅ បានប៉ះពាល់ដល់ជិតពាក់កណ្តាលនៃចំនួនប្រជាជនចិន។ ហើយវា ជាសីតុណ្ហភាពជាមធ្យមរបស់ប្រទេសចិន ដែលខ្ពស់បំផុត ចាប់តាំងពីឆ្នាំ 1961មក ដោយវាមានកម្រិតខ្ពស់ជាង ០,៩ អង្សាសេ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ហានិភ័យនៃភ្លើងឆេះព្រៃ និងគ្រោះថ្នាក់ដល់ការលូតលាស់ប្រកបដោយស្ថិរភាពនៃដំណាំ ដូចជាស្រូវ កប្បាស និងពោត ក៏អាចត្រូវបានគេរំពឹងទុកផងដែរ។ លោក Fang បានព្រមានថា លក្ខខណ្ឌគ្រោះរាំងស្ងួត ត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ដំណាំនៅក្នុងខេត្ត Shandong, Anhui, Henan, Shaanxi និង Gansu នេះបើតាមការផ្សាយរបស់ Reuters ។