Social Network

រដ្ឋាភិបាលស្រីលង្កា ស្នើឱ្យប្រទេសថៃផ្តល់សិទ្ធិចូលប្រទេស ឱ្យអតីតប្រធានាធិបតីខ្លួន

 អគ្គនាយកនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសថៃ បានឲ្យដឹងកាលពីថ្ងៃពុធថា រដ្ឋាភិបាលស្រីលង្កា បានស្នើសុំទៅប្រទេសថៃ ឱ្យអតីតប្រធានាធិបតីរបស់ខ្លួន Gotabaya Rajapaksa ចូលប្រទេស។

អតីតប្រធានាធិបតីស្រីលង្កា លោក Gotabaya Rajapaksa ត្រូវគេរំពឹងថា នឹងធ្វើដំណើរទៅដល់ ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលនឹងក្លាយជាគោលដៅជ្រកកោនបណ្តោះអាសន្នទី២របស់លោកនៅតំបន់អាស៊ាន គិតចាប់តាំងពីអតីតមេដឹកនាំរូបនេះ បានរត់ភៀសខ្លួនចេញពីប្រទេសស្រីលង្កា កាលពីខែកក្កដា។

បន្ទាប់ពីភាពវឹកវរ បានផ្ទុះឡើង នៅចំពោះមុខវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ក្នុងប្រវត្តិសាស្រ្តស្រីលង្កា រួមមានទាំងការចូលលុកលុយរបស់ក្រុមបាតុកម្មនៅវិមានប្រធានាធិបតី លោក Rajapaksa បានរត់គេចខ្លួនដំបូងទៅកាន់ប្រទេសដីកោះម៉ាល់ឌីវ។

ក្រោយមក លោកក៏បានបន្តដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី១៤ ខែកក្កដា។ រួចហើយ លោក Rajapaksa ក៏បានលាលែងពីតំណែងជាផ្លូវការ ដោយក្លាយជាប្រធានាធិបតីស្រីលង្កាដំបូងបំផុត ដែលចុះចេញពីអំណាច នៅពាក់កណ្តាលអាណត្តិបែបនេះ។

សូមបញ្ជាក់ថា លោក Rajapaksa មិនស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសថៃទេ នេះបើតាមការផ្សាយរបស់ Reuters កាលពីយប់ថ្ងៃពុធ។