Social Network

នាយករដ្ឋមន្រ្តីជប៉ុន រុះរើគណៈរដ្ឋមន្រ្តី ស្របពេលដែលប្រជាប្រិយភាពធ្លាក់ចុះ

 នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida កាលពីថ្ងៃពុធ បានរុះរើគណៈរដ្ឋមន្រ្តីរបស់លោក បន្ទាប់ពីកម្រិតប្រជាប្រិយភាព មានការធ្លាក់ចុះ ចំពោះមុខបញ្ហាមួយចំនួន។

កាលពីខែកក្កដាកន្លងទៅ លោក Kishida បានដឹកនាំគណបក្សកាន់អំណាចរបស់លោក ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនៅសភាជាន់ខ្ពស់ ប៉ុន្តែវាបានកើតឡើង បន្ទាប់ពីអតីតនាយករដ្ឋមន្រ្តី លោក Shinzo Abe ត្រូវបានបាញ់សម្លាប់ ក្រោមស្នាដៃបុរសម្នាក់ចងគំនុំជាមួយនឹងក្រុមសាសនាវិហារគ្រឹស្ត Unification ដែលមានទំនាក់ទំនងជាមួយលោក Abe។

ចាប់តាំងពីពេលនោះមក សាធារណជនជប៉ុន នាំគ្នារិះគន់ទៅលើចំណងទាក់ទងរបស់ក្រុមសាសនានោះ ជាមួយនឹងក្រុមអ្នកនយោបាយជប៉ុន ក៏ដូចជាទៅលើរបៀបដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់លោក Kishida ប្រជាប្រិយភាពរដ្ឋាភិបាលជប៉ុន ក៏បានជួបការធ្លាក់គួរឱ្យកត់ សម្គាល់។

គួរបញ្ជាក់ថា នៅក្នុងការរុះរើគណៈរដ្ឋមន្រ្តីខាងលើគឺ រដ្ឋមន្រ្តីការពារជាតិ រដ្ឋមន្រ្តីកិច្ចការប្រព័ន្ធឌីជីថល រដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ច និងរដ្ឋមន្រ្តីសុខាភិបាល ត្រូវបានតែងតាំងថ្មី រីឯរដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីហិរញ្ញវត្ថុបច្ចុប្បន្ន គឺនៅរក្សាតំណែងដដែល នេះបើតាមការផ្សាយដោយ របស់ AFP កាលពីថ្ងៃពុធ។