Social Network

កូរ៉េខាងជើង បាញ់កាំភ្លើងធំបន្ថែមទៀតចូលសមុទ្រ ដើម្បីតវ៉ាប្រឆាំងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់កូរ៉េខាងត្បូង និងអាមេរិក

ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយកាលពីថ្ងៃអង្គារថា យោធាកូរ៉េខាងជើង បានចេញបញ្ជាឱ្យមានការបាញ់កាំភ្លើងធំបន្ថែមទៀតចូលក្នុងសមុទ្រ ដើម្បីឆ្លើយតបចំពោះការធ្វើសមយុទ្ធបាញ់គ្រាប់ពិត រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅក្បែរព្រំប្រទល់អន្តរកូរ៉េ។

យោធាកូរ៉េខាងជើង បានប្រទះឃើញសញ្ញានៃការបាញ់ផ្លោងចេញពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងធំ Howitzer របស់យោធាកូរ៉េខាងត្បូង នៅក្បែរតំបន់ព្រំដែន ចាប់ពីម៉ោង៩៖១៥នាទីព្រឹក បន្ទាប់ពីសកម្មភាពយោធាស្រដៀងគ្នាកាលពីថ្ងៃចន្ទ។

កូរ៉េខាងជើង ទំនងជាចង់សំដៅលើសមយុទ្ធយោធាបាញ់គ្រាប់ពិត រវាងកូរ៉េខាងត្បូង និងអាមេរិក នៅឯស្រុកឆេអរវ៉ុន (Cheorwon) ដែលមានចម្ងាយជាង ៧០គីឡូម៉ែត្រពីរដ្ឋធានីសេអ៊ូល។ សូមបញ្ជាក់ថា ការបាញ់ព្រមានកាលពីថ្ងៃអង្គារនោះ កើតមានឡើង បន្ទាប់ពីកូរ៉េខាងជើង បានបាញ់ផ្លោងកាំភ្លើងធំចំនួនប្រហែល ១៣០គ្រាប់ ចូលទៅក្នុងសមុទ្រនៅភាគខាងកើត និងខាងលិចឆ្នេររបស់ខ្លួន ដើម្បីសម្តែងការតវ៉ាប្រឆាំងនឹងការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរបស់សម្ពន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក។

ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៉ីនតោន បានអះអាងថា សមយុទ្ធយោធារួមគ្នា គឺចាំបាច់ដើម្បីទប់ទល់កូរ៉េខាងជើង ដែលក្នុងឆ្នាំនេះ បានបាញ់សាកល្បងមីស៉ីលយ៉ាងច្រើនមិនធ្លាប់មាន ហើយហាក់កំពុងត្រៀមធ្វើតេស្តនុយក្លេអ៊ែរជាលើកដំបូងឡើងវិញថែមទៀតផង គិតចាប់តាំងពីឆ្នាំ២០១៧មក នេះបើតាមការផ្សាយរបស់ AFP ។