Social Network

យោធាចិនអះអាងថា បានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបំពានចូលមកសមុទ្រចិនខាងត្បូង

  (ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ យោធាចិនបានឱ្យដឹងថា ខ្លួនបានតាមដាននិងបណ្តេញនាវាពិឃាតមួយគ្រឿង របស់សហរដ្ឋអាមេរិក ដែលបានទន្ទ្រានចូលមកក្នុងដែនទឹក នៅក្បែរទីប្រជុំកោះប៉ារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូង។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍ យោធាចិនបានអះអាងថា ដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន នាវាពិឃាតបំពាក់មីស៉ីល ឈ្មោះថា ម៉ាយៀស (Milius) របស់អាមេរិក បានធ្វើដំណើរដោយខុសច្បាប់ចូលមកកាន់ដែនទឹករបស់ចិន ដែលបំផ្លាញដល់សុខសន្តិភាពនិងស្ថិរភាពនៃតំបន់ផ្លូវទឹកដ៏មមាញឹកនេះ។

អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាចិនប្រចាំភូមិភាគខាងត្បូង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កងកម្លាំងយើងនឹងរក្សាការប្រុងជើងការខ្ពស់គ្រប់ពេលវេលា ហើយចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារយ៉ាងមុះមុត នូវអធិបតេយ្យនិងសន្តិសុខក៏ដូចជាសន្តិភាពនិងស្ថិរភាព នៅតំបន់សមុទ្រចិនខាងត្បូង»។

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក គឺបាននិងកំពុងបន្តកើនឡើងនៅអាស៉ី-ប៉ាស៉ីហ្វិក ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បានខិតខំប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់នេះ ដើម្បីព្យាយាមរាំងខ្ទប់ឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់៕

ដកស្រង់ពី៖ Fresh News