Social Network

វិបត្តិបំណុលអាមេរិក៖ លោកប្រធានាធិតី បៃឌិន ប្តេជ្ញាថា «ការបរាជ័យសងបំណុលមិនអាចកើតមានឡើង»

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងជៀសផុត ពីការបរាជ័យសងបំណុលដ៏មហន្តរាយ បើទោះបីជាសមាជិកសភា បានឈប់សម្រាករយៈពេល ១០ថ្ងៃដោយគ្មានកិច្ចព្រមព្រៀង លើការបង្កើនកម្រិតកម្ចីក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។

ថ្ងៃទី១ ខែមិថុនា គឺជាចំណុចដំបូងបំផុត ជាពេលដែលរដ្ឋាភិបាលអាមេរិកប៉ាន់ស្មានថា ខ្លួនអាចអស់ប្រាក់សម្រាប់បំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ហើយការខកខានសងបំណុលទំនងជានឹងបង្កឱ្យមានការដើរថយក្រោយ នៃសេដ្ឋកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់ទីផ្សារពិភពលោក។

ប៉ុន្តែសមាជិកសភា បានចាប់ផ្តើមសម្រាកពីការងារ ដើម្បីប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធ (Memorial Day) កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ហើយរំពឹងថានឹងវិលមកធ្វើការវិញនៅថ្ងៃទី៤ ខែមិថុនា។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សម្ដីលោក បៃឌិន ដែលបានថ្លែងនៅសេតវិមានថា «នឹងមិនមានការបរាជ័យសងបំណុលឡើយ»។

លោកបានបន្ថែមថា ការចរចារបស់គាត់ជាមួយប្រធានសភា មកពីគណបក្សសាធារណរដ្ឋ គឺលោក Kevin McCarthy ដែលដឹកនាំសំឡេងភាគច្រើនក្នុងសភាទទួលបាន «បង្កើតផ្លែផ្លា»។

ប៉ុន្តែលោក Hakeem Jeffries មេដឹកនាំសំឡេងភាគតិច នៅក្នុងសភាមកពីគណបក្សប្រជាធិបតេយ្យ បានចោទប្រកាន់ថា គណបក្សសាធារណរដ្ឋថា ពួកគេបានបោះបង់ចោលការងាររបស់ខ្លួន នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីបង្កើតឱ្យមាន «ហានិភ័យការបរាជ័យសងបំណុលដ៏គ្រោះថ្នាក់ នៅក្នុងវិបត្តិមួយដែលពួកគេបានបង្កើត»។

លោកបានប្រសាសន៍ថា «ហើយពួកសាធារណរដ្ឋទាំងនេះ ពួកគេនឹងនិយាយថា លោក ចូ បៃឌិន បដិសេធមិនអង្គុយចរចាជាមួយពួកគេ»។ លោកបន្តថា៖ «នោះជាលើកឡើងក្លែងក្លាយ ដែលពួកគេបានបន្តព្យាយាមបង្ហាញទៅកាន់សាធារណៈ»។

សមាជិកសភាគណបក្សសាធារណរដ្ឋ កំពុងទាមទារឱ្យរដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ កាត់បន្ថយចំណាយរហូតដល់ ១៣០ពាន់លានដុល្លារអាមេរិក ដោយការចំណាយនៅឆ្នាំក្រោយ ត្រូវបានកំណត់ត្រឹមកម្រិតចំណាយនៅឆ្នាំ២០២២ ជាថ្នូរនឹងការបោះឆ្នោតរបស់ពួកគេ ក្នុងការបង្កើនកម្រិតកំណត់កម្ចី។

គណបក្សសាធារណរដ្ឋ ក៏ចង់ឱ្យរឹតបន្តឹងលក្ខខណ្ឌតម្រូវ សម្រាប់អ្នកទាមទារអត្ថប្រយោជន៍ និងសម្រាប់ការទាមទារជំនួយពីជំងឺរាតត្បាត ដែលមិនទាន់បានចំណាយផងដែរ។

គណបក្សប្រជាធិបតេយ្យច្រានចោល សំណើកាត់បន្ថយចំណាយនេះ ហើយចង់ឱ្យគណបក្សសាធារណរដ្ឋ ចុះហត្ថលេខាលើការដំឡើង កម្រិតកម្ចីនេះដោយគ្មានភ្ជាប់លក្ខខណ្ឌ ដូចដែលពួកគេបានធ្វើរាប់សិបដងរួចមកហើយ កាលពីអតីតកាល។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP៕

ដកស្រង់ពី៖ Fresh News