Social Network

ទីបំផុតរដ្ឋាភិបាល និងបក្សប្រឆាំងអាមេរិក ឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ដើម្បីបញ្ជៀសវិបត្តិបំណុលសាធារណៈ

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានសភា លោក Kevin McCarthy បានឈានដល់ «កិច្ចព្រមព្រៀងជាគោលការណ៍» ក្នុងការដំឡើងពិដានបំណុលសាធារណៈរបស់ប្រទេស (បំណុលអតិបរិមា) និងការកាត់បន្ថយការចំណាយរបស់សហព័ន្ធ កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីបញ្ចៀសគ្រោះមហន្តរាយអាមេរិក។ ទោះជាយ៉ាងណា ខ្លឹមសារលម្អិតនៃកិច្ចព្រមព្រៀងនេះ គេមិនទាន់ដឹងលំអិតនៅឡើយទេ។

ប្រភពស្និទ្ធនឹងបញ្ហានេះ បានឱ្យដឹងថា ភាគីទាំងពីរ បានព្រមព្រៀងដំឡើងកម្រិតពិដានបំណុលសាធារណៈ រយៈពេលពីរឆ្នាំ រហូតដល់ក្រោយបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ទៅទៀត ហើយស្របពេលជាមួយគ្នា រដ្ឋាភិបាល ក៏ត្រូវកាត់បន្ថយការចំណាយសាធារណៈផងដែរ តែមិនមែនក្នុងកម្រិតដែលគណបក្សសាធារណៈរដ្ឋទាមទារនោះទេ។

លោក Joe Biden និង លោក Kevin McCarthy គ្រោងនឹងជួបពិភាក្សាគ្នាបន្ថែមទៀតនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលសម្រេចបានជាគោលការណ៍នេះ សម្រាប់ដាក់ជូនរដ្ឋសភា និងព្រឹទ្ធសភាអនុម័ត ឱ្យបានមុនថ្ងៃទី៥ ខែមិថុនា នេះបើតាមការចេញផ្សាយរបស់ AFP កាលពីថ្ងៃអាទិត្យ។