Social Network

មន្ត្រីចារកម្មកំពូលរបស់ចិន ធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការ"

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់មីយ៉ាន់ម៉ា បានផ្សាយកាលពីថ្ងៃពុធថា មន្ត្រីចារកម្មកំពូលរបស់ចិន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការ" យោធាជាមួយរបបយោធា។ នេះគឺជាគណៈប្រតិភូជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលក្រុងប៉េកាំង បញ្ជូនទៅកាន់ប្រទេសសម្ព័ន្ធមិត្តឯកោអន្តរជាតិរបស់ ខ្លួន។

ឧត្តមសេនីយទោ Yang Yang អគ្គនាយកស្តីទីនៃការិយាល័យស៊ើបការណ៍សម្ងាត់នៃនាយកដ្ឋានបុគ្គលិករួមនៃគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន បានជួបមន្ត្រីយោធាលេខពីរ គឺលោកឧត្តមសេនីយ៍ទោ Soe Win ដើម្បីពិភាក្សាអំពី "កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ"។

វា គឺជាដំណើរទស្សនកិច្ចលើកដំបូង ដែលត្រូវបានផ្សាយជាសាធារណៈ ដោយមន្ត្រីយោធាមកពីប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធរបស់របបយោធា ចាប់តាំងពីរដ្ឋប្រហារមក។

របបយោធាមីយ៉ាន់ម៉ា ត្រូវបានប្រជាជាតិជាច្រើនក្នុងសហគមន៍អន្តរជាតិ មិនពេញចិត្តចំពោះការបង្រ្កាបដ៏បង្ហូរឈាមរបស់ខ្លួន ប៉ុន្តែប្រទេសចិន បានរក្សាទំនាក់ទំនងជាមួយរបបនេះ។

សូមបញ្ជាក់ថា កាលពីដើមខែនេះ យោធាមីយ៉ាន់ម៉ា បាននាំចូលអាវុធ និងឧបករណ៍តម្លៃ 267 លានដុល្លារពីប្រទេសចិន ចាប់តាំងពីខ្លួន បានដណ្តើមអំណាច រួមទាំងពីអង្គភាពគ្រប់គ្រងដោយរដ្ឋ នេះបើតាមការផ្សាយរបស់ AFP កាលពីថ្ងៃពុធ។