Social Network

កូរ៉េខាងត្បូងនឹងធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្ន ក្រោយកើតមានភាពច្របូកច្របល់ កំលុងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើង

 (សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូង មានគោលដៅធ្វើកំណែទម្រង់ប្រព័ន្ធប្រកាសអាសន្នរបស់ប្រទេសអាស៉ីខាងកើតមួយនេះ បន្ទាប់ពីសារខុសបច្ចេកទេសមួយ ពាក់ព័ន្ធទៅនឹងការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងក្នុងសប្តាហ៍នេះ បាននាំឱ្យមានភាពភាន់ច្រឡំក៏ដូចជាការរិះគន់។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣។ ការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង និងរដ្ឋបាលទីក្រុងសេអ៊ូល នឹងធ្វើការពិភាក្សាគ្នា អំពីការកែលម្អប្រព័ន្ធប្រកាសអាសន្ន។

ប្រព័ន្ធនេះត្រូវគេរំពឹងថានឹងត្រូវធ្វើឱ្យប្រសើរឡើងជាងមុន ជាមួយការផ្តល់នូវព័ត៌មានលម្អិតផ្សេងៗ ដើម្បីឱ្យសាធារណជនអាចឆ្លើយតបនិងអនុវត្តតាម ក្នុងលក្ខណៈមួយដែលមានរបៀបរៀបរយ។

គួរបញ្ជាក់ថា សារជាអក្សរដែលផ្ញើទៅកាន់ប្រជាជនកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល កាលពីព្រឹកថ្ងៃពុធសប្តាហ៍នេះ បានរងការរិះគន់ខ្លាំង ក្រោមហេតុផលថាវាមិនមានប្រយោជន៍ ដោយសារវាប្រាប់ឱ្យប្រជាជនត្រៀមលក្ខណៈជម្លៀសខ្លួន ដោយមិនបានបញ្ជាក់ច្បាស់នូវទីកន្លែងដែលពួកគេត្រូវទៅ ហើយមិនបានប្រាប់ថា អ្វីទៅជាគ្រោះថ្នាក់នោះឡើយ។

ក្នុងសារប្រកាសអាសន្នមួយទៀត ដែលត្រូវបានផ្ញើភ្លាមៗបន្ទាប់គ្នា ក្រសួងសុវត្ថិភាពកូរ៉េខាងត្បូង បាននិយាយថា សារមុននោះគឺជាសារខុសបច្ចេកទេស។ អភិបាលទីក្រុងសេអ៊ូល បានចេញមុខសុំទោស សម្រាប់ភាពច្របូកច្របល់ដែលបានកើតឡើង ជុំវិញការប្រកាសអាសន្នរបស់ទីក្រុង ប៉ុន្តែបាននិយាយការពារការសម្រេចចិត្តផ្ញើពួកវា ដើម្បីជាវិធានការបង្ការ ក្រោមហេតុផលថា ដើម្បីសុវត្ថិភាពសាធារណជន៕

ដកស្រង់ពី៖ Fresh News