Social Network

ក្រុមអវកាសយានិកចិន៣នាក់ ចុះមកដល់លើផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេលកន្លះឆ្នាំ ស្នាក់នៅក្នុងទីអវកាស

 ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃអាទិត្យ បានផ្សាយថា ក្រុមអវកាសយានិកចិន៣រូប ដែលបានចំណាយពេលស្នាក់នៅ និងធ្វើការនៅឯស្ថានីយអវកាសរបស់ប្រទេសចិនជាច្រើនខែមកនេះ ទើបតែបានត្រឡប់ចុះមកដល់លើផ្ទៃផែនដីវិញដោយសុវត្ថិភាព។

យានសម្រាប់ត្រឡប់មកវិញនៃបេសកកម្ម សិនចូវ-១៥ (Shenzhou-15) របស់ពួកគេ បានធ្វើដំណើរចុះមកដល់ទីតាំង ដែលត្រូវបានកំណត់ទុក នៅតំបន់ម៉ុងហ្គោលីខាងក្នុងភាគខាងជើងប្រទេសចិន ហើយអវកាសយានិកទាំង៣រូប បានងើបចេញពីក្នុងយានដោយស្ថិតក្នុងស្ថានភាពល្អរឹងមាំ។

អ្នកទាំង៣ បានចំណាយពេល៦ខែ នៅស្ថានីយអវកាសផ្ទាល់ខ្លួនរបស់ចិន ឈ្មោះថា ធានហ្កុង (Tiangong) គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅ ចិន បានបញ្ជូនអវកាសយានិក៣នាក់ ក្នុងនោះរួមមានទាំងជនស៉ីវិលម្នាក់លើកដំបូងផងដែរ ឡើងទៅកាន់ស្ថានីយ Tiangong ក្នុងបេសកកម្ម Shenzhou-16 ដើម្បីផ្លាស់វេនស្នាក់នៅបន្តពីក្រុមអវកាសយានិកនៃបេសកកម្ម Shenzhou-15។

ចិន បានចាប់ផ្តើមការសាងសង់ស្ថានីយអវកាសរបស់ខ្លួន កាលពីខែមេសា ឆ្នាំ២០២១ ហើយសម្រេចវាបានជាស្ថាពរ កាលពីចុងឆ្នាំមុន។ មកទល់ឥឡូវ ចិន បានចេញបេសកកម្មបញ្ជូនមនុស្សសរុប៥ជើងហើយ ទៅកាន់ស្ថានីយ Tiangong ខណៈនៅចុងឆ្នាំនេះ គ្រោងនឹងចេញបេសកកម្មមួយជើងទៀត គឺ Shenzhou-16 នេះបើតាមការផ្សាយរបស់ AFP ។