Social Network

ប្រធានាធិបតីចិន អំពាវនាវឱ្យមហាអំណាចពិភពលោកជួយរុស្ស៊ី និងអ៊ុយក្រែន បន្តការសន្ទនាដោយផ្ទាល់

កាលពីថ្ងៃចន្ទ ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដែលហៅថា «បេសកកម្មសន្តិភាព» ដោយមេដឹកនាំអឺរ៉ុបថា មហាអំណាចពិភពលោក គួរតែជួយរុស្ស៊ី និងអ៊ុយក្រែន ចាប់ផ្តើមការចរចារដោយផ្ទាល់ឡើងវិញ ។

ទស្សនកិច្ចរបស់លោក Orban មកកាន់ប្រទេសចិន គឺកើតមាននៅប៉ុន្មានថ្ងៃមុន កិច្ចប្រជុំកំពូលអង្គការ NATO ដែលនឹងប្រព្រឹត្តទៅនៅសហរដ្ឋអាមេរិក និងដែលផ្តោតលើការបន្តគាំទ្រដល់អ៊ុយក្រែន។

បន្ទាប់ពីហុងគ្រី ឡើងជាប្រធានប្តូរវេនរបស់ EU កាលពីដើមខែកក្កដានេះ លោក Orban បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចជួយស្វែងរកសន្តិភាព ដោយបានទៅជួបប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅទីក្រុងកៀវ ហើយបន្ទាប់មក បានទៅវិមានក្រឹមឡាំង ដើម្បីជួបលោក ពូទីន ខណៈទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងមូស្គូ ត្រូវបានរិះគន់ដោយសម្ព័ន្ធមិត្ត នៅក្នុង EU។

សូមបញ្ជាក់ថា លោក Orban គឺជាអ្នករិះគន់ការផ្តល់ជំនួយយោធារបស់លោកខាងលិច ឱ្យទៅអ៊ុយក្រែន និងជាមេដឹកនាំប្រទេស EU ដែលមានទំនាក់ទំនាក់កក់ក្តៅជាងគេបង្អស់ជាមួយលោក ពូទីន។

បន្ទាប់ពីកិច្ចពិភាក្សាលោក Orban បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រទេសចិន គឺជា "មហាអំណាចសំខាន់ក្នុងការបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាព" នៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើតាមការ ផ្សាយរបស់ AFP។