មន្ត្រីហ្វីលីពីនម្នាក់ បាននិយាយថា ហ្វីលីពីន និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធាមួយ ឬហៅកាត់ថា RAA ដែលនឹងអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងកម្លាំងរបស់ ពួកគេនៅលើទឹកដីគ្នាទៅវិញទៅមក ហើយដែលនេះជាការបើកទំព័រថ្មីមួយនៃទំនាក់ទំនងសន្តិសុខ រវាងត្យូក្យូ និងម៉ានីល ចំពោះមុខការកើនឡើងភាពតានតឹងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
បើតាមមន្ត្រីទំនាក់ទំនងនៃការិយាល័យប្រធានាធិបតីហ្វីលីពីន រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក Gilberto Teodoro និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងពិធីមួយរៀបចំឡើងក្នុងទីក្រុងម៉ានីល ក្រោមសក្ខីភាពរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr។
កិច្ចព្រមព្រៀងនេះ នឹងជួយសម្រួលកិច្ចសហប្រតិបត្តិការយោធា តួយ៉ាងដូចជា ការធ្វើទស្សនកិច្ចរបស់កងកម្លាំងនៃប្រទេសទាំង២ ខណៈកិច្ចព្រមព្រៀងនេះ នឹងត្រូវចូលជាធរមាន បន្ទាប់ពីសភានៃប្រទេសទាំងផ្ដល់សច្ចាប័ន។
សូមបញ្ជាក់ថា ហ្វីលីពីន ក៏មានកិច្ចព្រមព្រៀងយោធាស្រដៀងគ្នាជាមួយជប៉ុន ជាមួយសហរដ្ឋអាមេរិក និងអូស្ត្រាលីផងដែរ ដែលគេស្គាល់ថា Visiting Forces Agreement (VFA)។ ចំណែកឯជប៉ុនវិញ មានកិច្ចព្រមព្រៀងស្រដៀងគ្នានឹង RAA ជាមួយអូស្ត្រាលី និងចក្រភពអង់គ្លេស ហើយកំពុងស្ថិតក្នុងកិច្ចចរចារលើកិច្ចព្រមព្រៀងផ្សេងទៀតជាមួយបារាំង នេះបើតាមការផ្សាយរបស់ Reuters។