សម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើន នៅក្នុងការ បោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២ កាលពីថ្ងៃអាទិត្យ ដោយបានផ្ដួលគណបក្សស្ដាំនិយមជ្រុល និង សម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី Emmanuel Macron។
សម្ព័ន្ធគណបក្ស NFP ទើបតែត្រូវបានបង្កើតឡើងកាលពីខែមិថុនាកន្លងទៅតែប៉ុណ្ណោះ បន្ទាប់ពីលោក Macron ប្រកាសរំលាយសភា និងអំពាវនាវរៀបចំការបោះឆ្នោតសភាមុនអាណត្តិ។
សម្ព័ន្ធគណបក្សឆ្វេង និយមនេះ មានគណបក្សចូលរួម ដូចជា Socialists, Greens, Communists និងគណបក្ស ឡាហ្វ្រង់ អាំងស៊ូមី (La France Insoumise) ដែលជាបក្សឆ្វេងនិយមជ្រុលដឹកនាំដោយលោក ហ្សង់លុច មេឡុងសុង (Jean-Luc Mélenchon)។
បើតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យ សម្ព័ន្ធគណបក្សឆ្វេងនិយម ទទួលបាន ១៧៧អាសនៈ ដោយ នាំមុខសម្ព័ន្ធគណបក្សរបស់លោក Macron ដែលទទួលបាន ១៤៨អាសនៈ ខណៈគណបក្សស្ដាំនិយម ជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបាន១៤២អាសនៈ។
សូមបញ្ជាក់ថា តាមរយៈលទ្ធផលបោះឆ្នោតនេះ គ្មានគណបក្សណាមួយ ដែលទទួលបានសំឡេងភាគច្រើន ដាច់ខាត ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧ នោះទេ។ ប៉ុន្តែ វាបានរុញច្រានបារាំងឱ្យធ្លាក់ ចូលក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ នេះបើតាមការផ្សាយរបស់ AFP។