Social Network

លោក វ្ល៉ាឌីមៀ ពូទីន៖ «ជម្លោះទ្រង់ទ្រាយធំនៅឧបទ្វីបកូរ៉េ មិនអាចកើតមានឡើងនោះទេ» បើគ្រប់ភាគីទាំងរក្សាជំហររួមមួយ!

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានកត់សម្គាល់ថា ជម្លោះទ្រង់ទ្រាយធំ នឹងមិនអាចកើតឡើងនៅលើឧបទ្វីបកូរ៉េនោះទេ ដរាបណាភាគីទាំងអស់មានជំហររួម។

ការថ្លែងបែប នេះរបស់ លោក ពូទីន កើតមានឡើងនៅចំពេលគេគ្រប់គ្នា កំពុងរង់ចំាមើលថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងដូចម្ដេច ទៅនឹងការធ្វើតេស្ដបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរជាលើកទី០៦ របស់កូរ៉េខាងជើង ដែលជាសម្ព័ន្ធមិត្តមួយរបស់ខ្លួនដ៏សំខាន់នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចតំបន់ខាងកើត (EEF) នៅឯទីក្រុង Vladivostok លោក ពូទីន ក៏បានជំទាស់ផងដែរការប្រើប្រាស់កម្លាំងយោធា ដោះស្រាយជាមួយកូរ៉េខាងជើងហើយថា ទីក្រុង ម៉ូស្គូចង់ឱ្យវិបត្តិបច្ចុប្បន្នត្រូវបានដោះស្រាយតាមវិធានការទូត ដូចកាលពីឆ្នាំ២០០៥។ ជាងនេះទៅទៀត ប្រមុខវិមានក្រឹមឡាំងរូបនេះបញ្ជាក់ថា នឹងមិនទទួលស្គាល់កូរ៉េខាងជើងជារដ្ឋនុយក្លេអ៊ែរនោះទេ ក៏ប៉ុន្តែលោកនៅតែប្រកាន់ជំហរដដែលថា ការដាក់ទណ្ឌកម្មឯកតោភាគី មិនអាចជួយអ្វីបានឡើយ ក្រៅតែធ្វើឱ្យស្ថានភាព កាន់តែអាក្រក់ឡើងតែប៉ុណ្ណោះ។

ដោយឡែកនៅពេលនិយាយដល់វោហាស័ព្ទ ប្រឆាំងកូរ៉េខាងជើងរបស់សហរដ្ឋអាមេរិក លោកពូទីន បានរំលឹកឡើងវិញពីការផ្ដួលរំលំរបបដឹកនាំ សាដដាំ ហូស្សេន នៅអ៊ីរ៉ាក់កាលពីឆ្នាំ២០០៣។ លោកពូទីន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកគិតទេថា ពួកគេ (សហរដ្ឋអាមេរិក) នឹងឈប់ធ្វើរឿងបែបនេះពីពេលនេះតទៅ? ប៉ុន្តែយើងនៅតែចង់និយាយថា យើងកំពុងដើរលើផ្លូវនៃ កិច្ចសហប្រតិបត្តិការ ដែលយើងបានត្រៀមខ្លួន ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ (កូរ៉េខាងជើង) ព្រមទាំងបង្កើតលក្ខខ័ណ្ឌគ្រប់គ្នាអាចយល់ និងទទួលយកបាន... ខ្ញុំសូមធានាចំពោះអ្នកទាំង អស់គ្នាថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង នឹងផ្លាស់ប្ដូរបន្តិចម្ដងៗ ដើម្បីឈានដល់កិច្ចសហប្រតិបត្តិការរវាងគ្នា បើសិនជាពួកយើងអាចដើរតាមផ្លូវនេះ»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានស្នើឱ្យអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើវិស័យប្រេងកូរ៉េខាងជើង ក៏ដូចជាបង្កករាល់ទ្រព្យសម្បតិ្តរបស់ លោក គីម ជុងអ៊ុន ហើយនៅពេលនេះគេកំពុងរង់ចាំមើលថា រុស្ស៊ី និងចិន នឹងឆ្លើយតបយ៉ាងណាចំពោះការធ្វើតេស្ដបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរជាលើកទី០៦ ពីទីក្រុងព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ៕

ដកស្រង់ពី៖ Fresh News