Social Network

ទីប្រឹក្សាសន្តិសុខជាតិមីយ៉ាន់ម៉ា៖ «សារព័ត៌មាន​ក្លែងក្លាយ កំពុងកាន់ជើងក្រុមភេរវករ និងធ្វើឲ្យអន្តរជាតិ​យល់ខុស ចំពោះរដ្ឋាភិបាល​មីយ៉ាន់ម៉ា»

(ណៃពិដោ)៖ ទីប្រឹក្សាសន្តិសុខជាតិ នៃរដ្ឋាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីអំពាវនាវឲ្យសារព័ត៌មាននានា ចូលរួមជាមួយរដ្ឋាភិបាល ដើម្បីបង្កើតឲ្យបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់រដ្ឋរ៉ាឃីន ភាគខាងជើងឈាងខាងលិចប្រទេស ដែលកំពុងតែគ្របដណ្តប់ដោយអំពើហិង្សា និងធ្វើឲ្យអន្តរជាតិចោទជាសំនួរយ៉ាងច្រើន ចំពោះសមត្ថភាពដឹកនាំប្រទេសរបស់លោកស្រី អោងសាន ស៊ូជី។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០១៧។ សេចក្តីអំពាវនាវខាងលើនេះ ត្រូវបានធ្វើឡើងដោយ លោក យូ ថង ទុន (U Thaung Tun) កាលពីល្ងាចថ្ងៃពុធ ដោយក្រៅពីការអំពាវនាវឲ្យសារព័ត៌មាននានា ទាំងជាតិ និងបរទេសធ្វើការសរសេរអ្វីប្រកបដោយភាពវិជ្ជមាន និងជាក់ស្តែងនោះ ទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ារូបនេះ ក៏បានព្រមានផងដែរ ចំពោះសារព័ត៌មានក្លែងក្លាយមួយចំនួន ដែលបានសរសេរប្រឌិតចំពោះស្ថានការណ៍នៅក្នុងរដ្ឋ រ៉ាឃីន ដែលរដ្ឋាភិបាលបានចាត់ថា ជាទង្វើបំភ័ន្តមតិសាធារណជន។

លោក យូ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «សារព័ត៌មានមួយចំនួន កំពុងលើកប្រយោជន៍ឲ្យពួកភេរវករ ដោយព្យាយាមបំបែកបំបាក់សហគមន៍នានា ដែលកំពុងតែបែកបាក់ស្រាប់ទៅហើយនៅរដ្ឋរ៉ាឃីននោះ ហើយទង្វើក៏បាន និងកំពុងធ្វើឲ្យអន្តរជាតិមានការយល់ខុស ចំពោះរដ្ឋាភិបាលមីយ៉ាន់ម៉ាផងដែរ»។

បច្ចុប្បន្នមេដឹកនាំដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ា លោកស្រី អោងសាន ស៊ូជី កំពុងតែព្យាយាមដោះស្រាយបញ្ហា ដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង រវាងព័ត៌មានដែលផ្សាយដោយអន្តរជាតិ និងព័ត៌មានដែលបញ្ចេញដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាផ្ទាល់ ប៉ុន្តែភាពពិតនៃបញ្ហាជាក់ស្តែង គឺជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់ទៅហើយ កំពុងតែរស់នៅភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ហើយបាតុកម្មប្រឆាំងភូមា ក៏បានផ្ទុះឡើងដែរ៕

ដកស្រង់ពី៖ Fresh News