Social Network

លោកស្រី Merkel កំពុងតែវីវក់ក្រោយឈ្នះឆ្នោត ព្រោះតែការបង្កើត​រដ្ឋាភិបាលចំរុះត្រូវបរាជ័យ!

 (ប៊ែរឡាំង)៖ ប្រទេសអាឡឺម៉ង់ កំពុងតែធ្លាក់ក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្រោយពីកិច្ចពិភាក្សាដើម្បីបង្កើតរដ្ឋាភិបាលបន្ទាប់ ត្រូវទទួលបរាជ័យ ដែលប្រការនេះបានបំផ្លាញក្តីសង្ឃឹមរបស់ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងបង្កឱ្យមានការលើកឡើងជាសំណួរអំពី អនាគតនៃការកាន់អំណាច ក្នុងរយៈពេលយូររបស់លោកស្រី។

នេះបើយោងតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានអាមេរិក CNN នៅល្ងាចថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។ គណបក្សរបស់លោកស្រី Merkel បានចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីផ្សះផ្សាឡើងវិញនូវទំនាក់ទំនងជាមួយ បក្សនយោបាយចំនួន០៣ផ្សេងទៀត ប៉ុន្តែគម្រោងនេះបែរជាត្រូវបរាជ័យទៅវិញ បន្ទាប់ពីបក្សប្រជាធិបតេយ្យសេរី ដើរចេញពីកិច្ចចរចាមុនពាក់កណ្តាលអាធ្រាតថ្ងៃអាទិត្យកន្លងទៅនេះ (ពេលវេលានៅអាល្លឺម៉ង់) ក្រោយពីមានការខ្វែងគំនិតគ្នាទៅលើវិបត្តិជនអន្តោប្រវេសន៍។

លោកស្រី Merkel បានលើកឡើងថា លោកស្រី មានក្តីសោកស្តាយជាខ្លាំងដែលបក្សប្រជាធិបតេយ្យសេរី បានសម្រេចដកខ្លួនចេញពីកិច្ចចរចាបែបនេះ ប៉ុន្តែលោកស្រីបានប្តេជ្ញាថា នឹងធ្វើការដឹកនាំប្រទេស ឆ្លងកាត់វិបត្តិនេះឲ្យបាន។

ជាចុងក្រោយ លោកស្រីបានលើកឡើងថា «ក្នុងនាមជាអធិការបតីម្នាក់ ខ្ញុំនឹងធ្វើគ្រប់យ៉ាងដើម្បីពង្រឹងប្រទេសនេះបន្ត ដើរទៅមុខដោយរលូន ឆ្លងកាត់ពេលវេលាដ៏លំបាកនេះ»។

ក្រោយមានបញ្ហាកើតឡើង លោកស្រីបានលុបចោលគម្រោងធ្វើកិច្ចជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte ហើយជំនួសវិញ ដោយការធ្វើកិច្ចជំនួបជាមួយ ប្រធានាធិបតីអាឡឺម៉ង់ លោក Frank-Walter Steinmeier ដើម្បីពិភាក្សាពីជំហានបន្ទាប់៕

ដកស្រង់ពី៖ Fresh News